សិល្បៈជាតិ៖ លោកអ្នកបានដឹងហើយថា តារាចម្រៀង ប៊ុន ស័ក្ដិ គឺជាម្ចាស់បទល្បីៗជាច្រើនដូចជាបទ «ជិះក្របី» បទ«ទឹកភ្នែកអ្នកស្រែ» និងបទ«ភ្នំពេញនឹកកំពង់ចាម» ជាដើម។ លោកបានឃ្លាតឆ្ងាយពីសិល្បៈអស់មួយរយៈមកហើយ បន្ទាប់ពីលោកសម្រេចចិត្តសាងគ្រួសារ។
ប៉ុន្តែនាពេលថ្មីៗនេះ លោកបានវិលមកបង្ហាញវត្តមានក្នុងវិស័យសិល្បៈវិញយ៉ាងភ្ញាក់ផ្អើល ដោយលោកបានចូលរួមច្រៀងនៅក្នុងកម្មវិធី The Wall Song Cambodia កាលពីសប្ដាហ៍មុននេះ។ លោក ប៊ុន ស័ក្ដិ គឺជាតារាអាថ៌កំបាំងក្រោយជញ្ជាំងដែលច្រៀងរួមគ្នាជាមួយតារាកិត្តិយសគឺលោក សេម ដែលអ្នកទាំងពីច្រៀងបទ «ត្រឹមបារម្ភពីអូនក៏បងអស់ចិត្ត»។

យ៉ាងណាមិញ នៅពេលឃើញ ប៊ុន ស័ក្ដិ បង្ហាញវត្តមានចេញពីជញ្ជាំងអាថ៌កំបាំងហើយនោះ តារាកិត្តិយសនៅលើឆាកដូចជា លោក ឆឹម ស័ក្ដដា កញ្ញា ហ្វាហ្វា លោក ព្រីន កញ្ញា នី មុន្នីនាថ និងលោក ប៉ែន ចំរុង ហាក់ដូចរំជួលចិត្ត រំភើប ស្រាប់តែស្ទុះនាំគ្នាលើកដៃសំពះលោក ប៊ុន ស័ក្ដិ គ្រប់ៗគ្នា។

វត្តមានរបស់លោក ប៊ុន ស័ក្ដិ ត្រឡប់មកកម្មវិធីសិល្បៈម្ដងនេះ គឺពិតជាធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង និងរំពឹងថាលោកវិលមកចេញបទចម្រៀងពីរោះៗដូចមុនទៀត។
គួររំលឹកដែរថា លោក ប៊ុន សក្តិ ចាប់ផ្ដើមស្ងប់ស្ងាត់ពីសិល្បៈបន្ទាប់ពីលោកចូលរោងការអំឡុងឆ្នាំ ២០១៦ ជាមួយនារីម្នាក់មានមុខរបរជាអ្នកជំនួញនៅភ្នំពេញ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
