សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​ចាស់​វស្សា​នៅ​ក្នុង​រង្វង់​សិល្បៈ​ថៃ​លោក​ស្រី Jarunee បាន​បង្ហាញ​វត្តមាន​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​លោក​ប្រាយុទ្ធ​ ប្រធាន​គណបក្ស​រួម​ថៃ​សាង​ជាតិ​ ដោយ​ស្ត្រី​ជា​តារា​សម្ដែង​ជើង​ចាស់​ឈាន​មុខ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ខ្លួន​ស្គាល់​សមាជិក​បក្សនេះ​ច្រើន​នាក់​​ ម្យ៉ាង​ទៀត​ជា​បក្ស​ដែល​មាន​គោលគំនិត​ដូច​គ្នា​គឺ​ស្រលាញ់​ជាតិ​ សាសនា ព្រះមហាក្សត្រ​ ដូច​គ្នា​។

​តារាសម្ដែង​រូប​នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ប្រាប់​អ្នក​សារព័ត៌មាន​ថៃ​ថា​ខ្លួន​ពិត​ជា​រីករាយ​ដែល​មាន​ឱកាស​បាន​ជួប​លោក​ប្រាយុទ្ធ ដោយ​លោក​ស្រី​បាន​នាំ​យក​ផ្លែ​ត្រសក់​ផ្អែម​មក​ជូ​ន​ជា​កាដូ​លើក​ទឹក​ចិត្ត។ នៅ​ពេល​ដែល​អ្នក​សួរ​ពាក់ព័ន្ធ​នឹង​ករណី​ថា​ការ​ដែល​លោក​ស្រី​ចេញ​មក​បង្ហាញ​ការ​គាំទ្រ​ដល់​លោក​ប្រាយុទ្ធ​ លើក​នេះ​ តើ​មិន​ខ្លាច​​មាន​​សំឡេង​ប្រឆាំង​ទេ​មែន​ទេ? អ្នក​ស្រី​បាន​ឆ្លើយ​តប​ថា​ ថ្វី​ត្បិត​មិន​ធ្លាប់​សម្ដែង​គោល​ជំហរ​នយោនបាយ​នា​ពេល​កន្លង​មក​ ប៉ុន្តែ​លោក​ស្រី​ឈរ​នៅ​ខាង​ ជាតិ​ សាសនា ព្រះ​មហាក្សត្រ​ ហើយ​មិន​ចង់​ឃើញ​ជាតិ​បែកបាក់​រលំរលាយ​។

នៅពេល​ត្រូវ​អ្នក​សារព័ត៌មាន​សួរ​លោក​ស្រី​​ថា​ គោលជំហរ​របស់​លោក​ស្រី​គឺ​មិន​គាំទ្រ​បក្ស​ឆ្ពោះ​ទៅ​មុខ​ (Moving Forward Party) មែនទេ? លោក​ស្រី​ Jarunee បាន​ឆ្លើយ​តប​ថា​ និយាយ​បែប​នោះ​មិនកើត​ទេ​ ប៉ុន្តែ​សម្រាប់​ខ្លួន​លោក​ស្រី​ផ្ទាល់​ មិន​ចង់​ធ្វើ​ជា​ទាសករ​របស់​សហរដ្ឋ​អាមេរិក​ ឬ​ប្រទេស​ដទៃ​​ទៀត ព្រោះ​បច្ចុប្បន្ន​រស់​នៅ​លំបាក​ស្រាប់​ហើយ​ យើង​នឹង​រស់​នៅ​បែប​ណា​ជា​បន្ត​ទៀត​? ចំពោះ​សំនួរ​ដែល​សួរ​ថា​នៅ​ថ្ងៃ​អនាគត​នឹង​បាន​ឃើញ​លោក​ស្រី​ ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដែរ​ទេ​? លោក​ស្រី​បាន​ឆ្លើយ​បដិសេធ​ ព្រម​ទាំង​លើក​ហេតុផល​ថា​បើ​លោក​ស្រី​ចង់​ប្រឡូក​នយោបាយ​ លោក​ស្រី​ប្រឡូក​តាំង​តែ​ខ្លួន​នៅ​មាន​កម្លាំង​​បាត់​ទៅ​ហើយ​។

នេះ​ថ្វី​ត្បិត​តែ​គណបក្ស​លោក​ប្រាយុទ្ធ រក​សំឡេង​ឆ្នោត​គាំទ្រ​មិន​ដល់ ​៥០​អាសនៈក្ដី​ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​បន្ត​ផ្ដល់​ការ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​លោក​ប្រាយុទ្ធ រហូត​មាន​ក្រុម​អ្នក​គាំទ្រ​ខ្លះ​ បាន​ធ្វើ​យុទ្ធនាការ​បង្ហោះ​ពី​លទ្ធផល​ការងារ​រយៈ​ពេល​៨​ឆ្នាំ​ ក្នុង​ឋានៈ​ជា​នាយករដ្ឋ​មន្ត្រី​របស់​លោក​។

គួរ​ដឹង​ដែរ​ថា​លោក​ស្រី​ Jarunee បច្ចុប្បន្ន​មាន​វ័យ​៦១​ឆ្នាំ​ ជា​កូន​ថៃកាត់​បារាំង​​​មាន​ម្ដាយ​ជា​ជនជាតិ​ថៃ​និង​ឪពុក​ជា​ជនជាតិ​បារាំង​ លោក​ស្រី​មាន​ឈ្មោះ​​ជា​ភាសា​បារាំង​ហៅ​​​ថា​ Caroline Desneiges លោក​ស្រី​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​មួយ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​លោក​ស្រី​ក៏​ជា​អ្នក​ជំនួញ​មួយ​រូប​ផង​ដែរ៕

ប្រភព៖ mgronline, thaipost

Share.