សិល្បៈ​ជាតិ​៖ តារា​ចម្រៀង​ចាស់​វស្សា​លោក​ស្រី​ ម៉េង កែវពេជ្ជតា ​ស្រាប់​តែ​ខឹង​ច្រឡោត​តូង​លើ​បណ្ដាញ​សង្គម​ក្រោយ​មាន​អ្នក​​សរសើរ​​​កូន​ស្រី​ថា​មាន​ទេពកោសល្យ ប៉ុន្តែ​​​​​​បើ​ម្ដាយ​​មិន​ព្រម​ព្យាបាល​​ចរិត​តួ​ឯក​អាច​ធ្លាក់​ទឹក​ទាំងម្ដាយ​ទាំង​កូន​​ ដែល​​ការ​លើក​ឡើង​​នេះ លោក​ស្រី​ចាត់​ទុកថា​មាន​​​បំណង​វាយ​ប្រហារ​ចំពោះ​លោក​ស្រី​។

ថ្មីៗ​នេះ​តារា​ចម្រៀង​មាន​ជំនាញ​គ្រប់​ទំរង់​ទាំង​សម័យ​និង​បុរាណ​ ម៉េង កែវពេជ្ជតា​ បាន​ដឹកនាំ​ក្រុម​សិល្បៈ​និង​កូន​ស្រី​ពៅ​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​មហាព្រឹត្តិការណ៍​បិទការ​ប្រកួត​កីឡា​ស៊ីហ្គេម​នា​ពហុកីឡដ្ឋាន​មរតក​តេជោ​​ ​ហើយ​មាន​អ្នក​ចាប់​អារម្មណ៍​ បាន​​កាត់​ឃ្លីប​វីដេអូ​សម្ដែង​របស់​ម្ដាយ​កូន​ទាំង​ពីរ​និង​ក្រុម​សិល្បៈ​ទៅ​បង្ហោះ​ចែក​រំលែក​បន្ត​ រហូត​ទទួល​បានការ​សរសើរ​ពី​សំណាក់​​អ្នក​គាំទ្រ​និង​សាធារណជន​ ចំពោះ​ទេពកោសល្យ​របស់​កូន​ស្រី​ដោយ​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ពិ​ត​ជា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន​។

​ថ្វី​ត្បិត​មាន​អ្នក​សរសើរ​ច្រើន​មែន​ តែ​ក៏​មិន​អត់​អ្នក​ទើស​ និង​​អ្នក​មិន​ពេញ​ចិត្ត​នោះ​ដែរ​ ដោយ​​មាន​អ្នក​ខ្លះ​បាន​លើក​សរសើរ​កូន​ស្រី​ ប៉ុន្តែ​ដូច​ពាក្យ​ចាស់​ថា​ល្អ​គូ​អាក្រក់ ថា​​មាន​ទេពកោសល្យ តែ​ផ្ដាំ​​ឱ្យ​​ម្ដាយ​ព្យាបាល​តួ​ឯកថា «កូន​ស្រី​មាន​ទេពកោសល្យ​ តែបើ​ម្ដាយ​មិន​ព្រម​ព្យាបាល​ជំងឺ​តួ​ឯក​ធ្លាក់​ទឹក​ទាំង​ម្ដាយ​ទាំង​កូន​។»

ពាក្យ​ពេចន៍​ចាក់​ដោត​ខាង​លើ​​បាន​​​ប៉ះ​ទង្គិច​​អារម្មណ៍​អ្នក​ម្ដាយ​កូន២​ រហូត​កាល​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ​ម្សិលមិញ​នេះ​ លោក​ស្រី​​បាន​ចេញ​មក​ច្រឡោត​លើ​បណ្ដាញ​សង្គម​ប្រតិកម្ម​​តប​ត​ការ​លើក​ឡើង​​នោះ​វិញ​ថា​៖ «​មួយ​រយៈ​នេះ​ដូច​ឮ​ល្ហៀង​ៗ​មក​ថា​ មាន​ជន​អត់​ការងារ​ធ្វើ​មួយ​ក្រុម​បាន​ពង្រាយ​គ្នា​ដើរ​លាប​ពណ៌​ខ្ញុំ​ក្នុង​បំណង​បំពុលចិត្ត​មនុស្ស​​ល្អ​ៗ​ដែល​ស្រលាញ់​ឱ្យ​គេ​យល់​ច្រឡំ​ និង​ខឹង​ខ្ញុំ​។ ពួក​គេ​បាន​ប្រើ​ពាក្យ​ចោទ​ខ្ញុំ​ជា​ច្រើន​ និង​ដូច​ៗ​គ្នាថា​ «ខ្ញុំ​ជា​តារា​ចរិត​តួ​ឯក​» ហ៊ឺ​…ប្លែក​រហូត​ហ្មង​ គិត​ទៅ​ទោះ​បី​ស្លឹក​ឈើ​ខ្ជិល​បក់​ ក៏​ខ្យល់​ចង្រៃ​នេះ​វា​អត់​ខ្ជិល​បោក​ដែរ​ វាបោក​អត់​ហត់​ អត់​ស្គាល់​បាបបុណ្យ​ អត់​ស្គាល់​នរក​កម្ម​អ្វី​សោះ​តែ​ម្ដង​ អី​ក៏​ងងឹត​ងងុល​យ៉ាង​នេះ​! ហេតុ​អ្វី​ក៏​យក​កម្ម​ជាមួយ​ខ្ញុំ​គ្រួសារ​ខ្ញុំ​ម្ល៉េះ? ម៉េច​ចង់​បំពាត់​ពូជ​ខ្ញុំ​តែម្ដង​មែន​ទេ? ឬក៏​មក​ពី​ខ្ញុំ​នៅ​តែ​ល្បី​ នៅ​តែ​ខ្លាំង​ រហូត​ធ្វើ​ឱ្យ​ពួក​គេ​ច្រណែន​ពេក​ឡើង​ឆកួត​? សូម​អ​ធ្យាស្រ័យ​ផង​បងប្អូន​អើយ មិន​ចង់​ឆ្លើយ​តប​ឡើយ​ហត់​ណាស់​ តែ​ពួក​គេ​ពិត​ជា​មាន​ចេតនា​ជាន់​ពន្លិច​គ្រួសារ​ខ្ញុំ​មែន​ បើ​ទោះ​ជា​ខ្ញុំ​ខំ​គេច​ រក្សា​ភាព​ស្ងប់​ស្ងាត់​យ៉ាង​លំបាក​យ៉ាង​ណា​ តែ​ពួក​គេ​​​មិន​ព្រម​បញ្ឈប់​ដែរ​ ដូច្នេះ​មាន​តែ​អញ្ចឹង​ទៅ ឱ្យ​អ្នក​ទាំង​អស់​គ្នា​ដឹង​ ព្រោះ​ខ្ញុំ​មិន​ចង់​សុខៗ​បាត់​មុខ​ឈឹង​ ហើយ​ទុក​ឱ្យ​ពួក​គេ​ដើរ​ចោទ​ថា​ខ្ញុំ​ខុស​ស្រេច​តែ​ចិត្ត​នោះ​ទេ​ មេឃ​អើយ​សូម​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​ល្អ​ផង​!»

ការ​លើក​ឡើង​វែង​អន្លាយ​របស់​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​ ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​និង​ផ្ដល់​ទឹក​ចិត្ត​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ ដែល​ស្រលាញ់​ចូល​ចិត្ត​លោក​ស្រី​និង​ក្រុម​គ្រួសារ​ ដូច​មាន​មតិវិជ្ជមាន​​មួយ​​បាន​លើក​ឡើង​ថា៖ «​តួ​ឯក​ ​មិនមែន​មនុស្ស​ៗ​ធម្មតា​អាច​ធ្វើ​បាន​ទេ​បង​​ បើ​បង​ស្រី​មិន​ខ្លាំង​មិន​មាន​អ្វី​ដែល​គេ​មិន​មាន ​​(​ទេព​កោសល្យ​សិល្បៈ​) មិនមែន​បង​ឈរ​ជើង​រហូត​មក​ដល់​បច្ចុប្បន្ន​ ​មនុស្ស​ម្នាក់​ៗ​ ​ខួរ​ ​ខុស​ៗ​គ្នា​ ទោះ​បង​យក​សាប៊ូ​ លាង​ក៏​មិន​ចេញ​ដែរ​ បើ​​ខួរ​គាត់​ដិតដាម​ ​ដោយ​សញ្ញា​ ​(​អវិជ្ជមាន​​)​។​» ​ហ្វេន​ម្នាក់​ទៀត​ក៏​បាន​លើក​​ទឹក​ចិត្ត​លោក​ស្រី​ដែរ​ថា​៖ ​​«​មនុស្ស​១​ភាគ​តូច​ចូល​មក​ខំមិន​ហើយ​ដើរ​ទៅ​បាត់​ដោយ​គ្រាន់​តែ​ឮ​តាម​គេ​ថា​មិន​ស្វែង​យល់​ ​ហើយ​ពេល​ខ្លះ​ទោះ​ជា​គេ​ខំ​ពន្យល់​ក៏​ធ្វើ​មិន​យល់​ ​មិន​យល់​ទាល់​តែ​ស្លា.​ប់​។ ​សំខាន់​ទស្សនិកជន​រាប់​លាន​នាក់​គាំទ្រ​និង​ជឿជាក់​លើ​បង​ សូម​បង​បន្ត​​សាង​ស្នាដៃ​ជា​បន្ត​ទៀត​ដើម្បី​សិល្បៈ​ជាតិ​យើង​។»

សម្រាប់​លោក​ស្រី​ ម៉េង កែវពេជ្ជតា ត្រូវ​​បាន​ហ្វេន​ៗ ​ប្រដូច​ប្រៀប​ដូច​ជា​ខ្ញី​ដែល​កាន់​តែ​ចាស់​កាន់​តែ​ហិរ ខណៈ​លោក​ស្រី​កាន់​តែ​ចាស់​កាន់​តែ​លេច​ធ្លោ​និង​​នៅ​តែ​រក្សា​ប្រជា​ប្រិយភាព​ក្នុង​បេះដូង​អ្នក​គាំទ្រ​ដដែល​៕

Share.