ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសកម្ពុជា លើបណ្តាញសង្គមជុំវិញខ្សែបម្រើ ហួយ ផល្លីន បង្ហាញវត្តមានសារជាថ្មីនៅជំរុំហ្វឹកហាត់របស់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Pep Munoz ត្រៀមសម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ខាងមុខ។

លោក Pep Munoz វ័យ៤៣ឆ្នាំ ជនជាតិសញ្ជាតិអេស្ប៉ាញ ដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជំនួសកៅអីលោក Conor Nestor ដែលទើបចាកចេញពីព្រះខ័នរាជស្វាយរៀង។ ចំពោះបទពិសោធន៍ការងារជាគ្រូបង្វឹបរយ:ពេលជាង១៩ឆ្នាំ ខណ:លោក Pep បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។

សម្រាប់​កីឡាករ ហួយ ផល្លីន ត្រូវ​បាន​ក្លិប​ព្រះខ័នរាជស្វាយរៀង ចុះ​បញ្ជី​ចូល​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៣ ខណៈ​នៅ​គ្រា​នោះ​ក៏​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​​ធ្លាប់​ជួយ​ព្រះខ័នរាជស្វាយរៀង ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៣ និង​២០១៩ និង​ពានរង្វាន់ Hun Sen Cup នៅ​ឆ្នាំ​២០១៥​និង​២០១៧ ផង​ដែរ។ នៅ​ឆ្នាំ​២០១៩ រូប​គេ​ត្រូវ​ជ្រើសរើស​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ Hun Sen Cup ទៀត​ផង។

អំឡុងលោក Conor Nestor ដឹកនាំព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ ហួយ ផល្លីន ត្រូវបានក្លិប​បាល់ទាត់ អាយ.អេស.អាយ ដង្កោសែនជ័យ ​ខ្ចី​ជើង១រដូវកាល ដោយរក​បាន​២គ្រាប់ ជួយ​ឱ្យ​ក្រុម​ទទួលបាន​ជើង​ឯក​រង​លីគលំដាប់ទី២។ ​

ខណ:នៅ​ក្នុង​ពានរង្វាន់ Hun Sen Cup រដូវកាល​២០២២ ក្រុម​មួយ​នេះ​ឡើង​ដល់​វគ្គ​​១៦ក្រុម​ចុងក្រោយ​ជើង​ឯក​ថ្នាក់​ជាតិ ខណៈ​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 ក្រុម​បាន​​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល មុនពេលវិលត្រលប់មកកាន់ព្រះខ័នរាជស្វាយរៀងវិញ៕

Share.