


ក្រោយពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម បានបញ្ជប់ ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ នឹងចាប់ផ្ដើមប្រកួតវិញនៅចុងសប្ដាហ៍នេះ (ថ្ងៃទី២៧-២៨ ឧសភា) ដែលជាជំនួនជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ខណ:កីឡាករជម្រើសជាតិ កម្ពុជាអាយុក្រោយ ២២ឆ្នាំ ចំនួន ១២រូបដែលបានបំពេញភារកិច្ចជួយកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងត្រូវវិលត្រឡប់ចូលរួមជាមួយក្លិបរបស់ខ្លួនវិញ ដើម្បីប្រកួតប្រជែងនៅចុងសប្ដាហ៍នេះដើម្បីប្រជែងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
កីឡាទាំង១២រូប គឺជាសមាជិករបស់ក្លិប វិសាខា, ណាហ្គាវើលដ៍ និងភ្នំពេញក្រោន មានដូចជា៖
- វិសាខា មានចំនួន ៥រូប ៖ កីឡាករ ស៊ិន សុវណ្ណមករា, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា និងកីឡាករ វឿន វ៉ា
- ណាហ្គាវើលដ៍ មានចំនួន ៤រូប ៖ កីឡាករ រ៉េត លីហេង, លីម អារុណ រ៉េយមិន, ជា សុខម៉េង និងកីឡាករ ផាត សុខា
- ភ្នំពេញក្រោន មានចំនួន ៣រូប ៖ កីឡាករ ឈុំ សុខហៃ, កើត ពេជ្រ និងកីឡាករ លឹម ពិសុទ្ធ
ការប្រកួតជើងទី១ កន្លងមកក្លិបភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣ទល់០ ខណ: ក្លិបបាល់ទាត់វិសាខា បានបរាជ័យលើកដំបូងក្រោមថ្វីជើងម្ចាស់ផ្ទះណាហ្គាវើលដ៍ដោយលទ្ធផល ១ទល់០។
ខណ:ការប្រកួតបន្តជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ភ្នំពេញក្រោននឹងបើកទ្វារផ្ទះទទួលគិរីវង់សុខសែនជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋាន ស្មាត អរ អេស អិន ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៕


