សារព័ត៌មានរដ្ឋKyodo របស់ជប៉ុន បានបញ្ជាក់ថានៅថ្ងៃអង្គារ សប្ដាហ៍នេះថារាជរដ្ឋាភិបាលប្រទេសខ្លួនបានពិភាក្សាជាមួយស្ថាប័នកីឡា ពីការមិនអនុញ្ញាតឱ្យទស្សនិកជនមកពីក្រៅប្រទេសចូលរួមទស្សនាប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក ដែលធ្វើឡើងនៅទីក្រុងតូក្យូ ក្នុងឆ្នាំ២០២១ នេះដើម្បីទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលជប៉ុន និងស្ថាប័នកីឡាជាតិ នឹងធ្វើការលើកសំណើនេះទៅក្នុងកិច្ចប្រជុំជាគណៈកម្មការអូឡាំពិកអន្តរជាតិ និងអ្នកពាក់ព័ន្ធនៅសប្ដាហ៍ក្រោយដើម្បីសម្រេចចិត្តផ្លូវការពីរឿងទស្សនិកជនពីខាងក្រៅប្រទេសនេះ។
ជប៉ុន បានវាយតម្លៃថាប្រទេសខ្លួនមិនអាចស្វាគមន៍ភ្ញៀវមកពីក្រៅប្រទេសបាននោះទេ ព្រោះតែទីសាធារណៈកំពុងរងការអុកឡុកពីកូវីដ-១៩ ហើយម្យ៉ាងទៀត កាលពីពេលថ្មីមានប្រទេស/តំបន់ ៨៨ ផ្សេងគ្នាត្រូវបានជប៉ុន ដាក់ជាប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី មិនអាចធ្វើដំណើរចូលប្រទេសខ្លួនបាន។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលធ្វើនៅរាជធានីតូក្យូ នេះគ្រោងមានការចូលរួមពីកីឡាករកីឡាការិនី ពីប្រទេស/តំបន់ចំនួន២០៦ផ្សេងគ្នា សរុបប្រមាណ១១០៩១នាក់ លើប្រភេទ៣៣កីឡានិង៣៣៩វិញ្ញាសា។ ការប្រកួតគ្រោងចាប់ធ្វើពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១៕