ដោយ​សារ​តែ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩ ការ​ប្រកួត​ចំនួន​២​នៅ​ថ្ងៃ​អាទិត្យ ទី១១ ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 សុទ្ធ​តែ​ត្រូវ​លើក​ពេល​ប្រកួត​ដូចគ្នា ដោយ​១ប្រកួត​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ចន្ទ នេះ ហើយ​១ប្រកួត​ទៀត​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់។

ក្រុម​អង្គរថាយហ្គឺរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អគ្គីសនីកម្ពុជា នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ខេត្ត​សៀមរាប។ ការ​លើក​ពេល​ប្រកួត​នេះ​ត្រូវ​បាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) លើក​ឡើង​ថា​ការ​ប្រកួត​សប្តា​ហ៍ទី៧ រវាង​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ និង​ក្រុម​អគ្គីសនីកម្ពុជា ត្រូវ​រំកិល​ថ្ងៃ​ប្រកួត​ពី​ថ្ងៃទី១១ ទៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយ​មូលហេតុ (តេស្តលើកទី១) ០៩/០៧/២០២១ ក្លិប​អគ្គីសនីកម្ពុជា រកឃើញកីឡាករ ១នាក់ (វិជ្ជមាន)។ ដូច្នេះមន្ត្រី និងកីឡាករដ៏ទៃទៀតដែល (អវិជ្ជមាន) រង់ចាំតេស្តលើកទី២ ក្រោយ​៤៨ ឬ​៧២ម៉ោង។ (តេស្តលើកទី២) នៅ​ព្រឹកថ្ងៃទី ១១/០៧/២០២១ នេះ​មន្ត្រី និងកីឡាករមានលទ្ធផល (អវិជ្ជមាន)។ ដូច្នេះការប្រកួតរវាងក្លិបអង្គរថាយហ្គឺរ និងអគ្គីសនីកម្ពុជា នឹងត្រូវប្រកួតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ដោយ​ឡែក​ការ​ប្រកួតសប្តាហ៍ទី៧ រវាង​ក្លិប​បាល់ទាត់​នគរបាលជាតិ ជាមួយ​ក្រុម​ភ្នំពេញក្រោន​ ត្រូវ​លើក​ការ​ប្រកួត ដោយ​មូលហេតុ​រក​ឃើញ​នូវ​ករណីវិជ្ជមាន នៃជំងឺកូវីដ-១៩ លើកីឡាករ១រូប របស់​ក្លិប​បាល់ទាត់​នគរបាលជាតិ។ ដោយសិក្សាអំពីទំហំ និងបង្កាករណីហានិភ័យអាចបន្តទៅក្លិបដ៏ទៃ ដូច្នេះនៅថ្ងៃទី១១/០៧/២០២១ នេះមន្ត្រី និងកីឡាករដ៏ទៃទៀតទាំងអស់ក្នុងក្រុម តម្រូវទៅ​យកសំណាក ដោយប្រភេទ PCR Test របស់មន្រ្តី និងកីឡាករក្លិប។ លទ្ធផល​នឹង​បាន​នៅ ២ ឬ៣ថ្ងៃបន្ទាប់ ហើយ​ក្រុមត្រូវតែធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។ ដូច្នេះ​ការ​ប្រកួត​រវាង​ក្លិប​នគរបាលជាតិ និងក្លិបភ្នំពេញក្រោន នៅ​ថ្ងៃល្ងាចនេះ ទី១១ ខែកក្កដា ឆ្នាំ២០២១ នឹង​ត្រូវ​ការ​ផ្អាក​ជា​បណ្តោះអាសន្នសិន។ កាលបរិច្ឆេទ​ថ្មី​នឹងជម្រាបនៅពេលក្រោយ។

Telegram-Troryorng
Share.