ផ្លូវ Fehrman Belt ជាផ្លូវតភ្ជាប់រវាងប្រទេសអាល្លឺម៉ង់ និង ប្រទេសដាណឺម៉ាក ហើយផ្លូវនេះត្រូវបានកំណត់ថា ជាផ្លូវក្រោមដី ឬ ក្រោមទឹក ដែលវែង និង លឿនបំផុតក្នុងពិភពលោក។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រព័ត៌មាន Greek Reporter។

ផ្លូវតភ្ជាប់នេះជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ប្រសិនបើធ្វើដំណើរតាមរថយន្ដឆ្លងប្រទេសទាំង២ អ្នកចំណាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ហើយអ្នកត្រូវចំណាយពេលត្រឹមតែ ៧នាទី ប្រសិនបើធ្វើដំណើរតាមរថភ្លើងចេញពីទីក្រុង Rødbyhavn នៃប្រទេសដាណឺម៉ាក ឆ្ពោះទៅទីក្រុង Puttgarden របស់ប្រទេសអាល្លឺម៉ង់ ដែលកន្លងមកផ្លូវនេះត្រូវចំណាយពេលវេលាធ្វើដំណើររហូតដល់ទៅ ៤៥នាទី ខណៈផ្លូវខ្លះត្រូវចំណាយពេលរហូតដល់ទៅជាង ៤ម៉ោងឯណោះ។

នៅពេលសាងសង់រួចរាល់ ផ្លូវក្រោមដី ឬ ក្រោមទឹកនេះ នឹងអាចកាត់បន្ថយពេលវេលាធ្វើដំណើរបានច្រើន, ពង្រឹងទំនាក់ទំនងរវាងអនុតំបន់ Scandinavia និង អឺរ៉ុបកណ្ដាល, ជាផ្លូវថ្នល់ពណ៌បៃតង ជាពិសេសវាក៏ជាផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញតាមរថភ្លើងផងដែរ។

Interior vieew of submerged pipe bridge.

ផ្លូវហាយវេ ក្រោមដី ឬ ទឹក នេះបានបែងចែកគន្លងផ្លូវជា ២ផ្លូវផ្សេងគ្នាគឺមានផ្លូវសម្រាប់ធ្វើដំណើរដោយរថយន្ដធម្មតា និង ផ្លូវរថភ្លើង។ យ៉ាងណាក៏ដោយគេមិនទាន់បានដឹងពីទំហំទឹកប្រាក់ដើម្បីសាងសង់ផ្លូវដ៏អស្ចារ្យនេះនៅឡើយទេ។

សូមជម្រាបថា គម្រោងផ្លូវ Fehrman Belt Fixed Link Project Femern A/S ត្រូវបានគេបណ្ដុះគំនិតឡើងដំបូងកាលពីឆ្នាំ២០០៨ ប៉ុន្ដែវាត្រូវចំណាយពេលសិក្សារហូតដល់ទៅ ១២ឆ្នាំ មុនពេលពិធីបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០២០ នៅប្រទេសដាណឺម៉ាក និងបន្ទាប់មកបើកការដ្ឋាននៅប្រទេសអាល្លឺម៉ង់នៅឆ្នាំ២០២១ ប៉ុន្ដែអ្វីដែលពិសេសគឺ ការរង់ចាំការបើកឲ្យប្រើប្រាស់សាកល្បងនៅឆ្នាំ២០២៩ ខាងមុខ៕

ប្រភព៖ Greek Reporter

Share.