ក្រុម DPMM FC

ក្រុម​បាល់ទាត់ Duli Pengiran Muda Mahkota Football Club ឬ ហៅកាត់​ថា DPMM FC ដែល​បាន​ចាកចេញ​ពី​លីគ​កំពូល​សិង្ហបុរី (S League) មក​ចូលរួម​លីគ​កំពូល​ប្រ៊ុយណេ 2021 Brunei Super Leagueក្នុង​ស្រុក​កំណើត​វិញ​ បាន​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​រហូត​ដល់​៤៤​គ្រាប់ ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​ត្រឹម​៣លើក​ប៉ុណ្ណោះ។

លទ្ធផល​៣ប្រកួត​កន្លង​មក​របស់ DPMM FC មាន៖
ប្រកួត​ទី១៖២៧ មិថុនា ២០២១ DPMM FC ១៦-១ BAKES
ប្រកួត​ទី២៖៤ កក្កដា ២០២១ DPMM FC ១៥-០ Rimba Star
ប្រកួត​ទី៣៖ ១១ កក្កដា ២០២១ DPMM FC ១៣-០ BSRC

ក្រុម DPMM FC បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០០ ដែល​​មាន​ព្រះអង្គម្ចាស់ Al-Muhtadee Billah ជា​ព្រះ​ប្រធាន ខណៈ​ក្រុម​នេះ​ធ្លាប់​ចូលរួម​លេង​ក្នុង​លីគ​កំពូល​ប្រ៊ុយណេ លីគ​កំពូល​ម៉ាឡេស៊ី និង​លីគ​កំពូល​សិង្ហបុរី។ ដោយសារ​សារភាព​កូវីដ-១៩ ទើប​ក្រុម​ដក​ខ្លួន​ចេញ​ពី​លីគ​កំពូល​សិង្ហបុរី មក​ប្រ៊ុយណេ វិញ​ក្រោយ​ចូលរួម​តាំង​ពី​ឆ្នាំ​២០០៩ មក។ មុន​ទៅ​សិង្ហបុរី ក្រុម​នេះ​បាន​ចូលរួម​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី ចន្លោះ​ឆ្នាំ​២០០៥ ដល់​២០០៨ ផង​ដែរ។

ក្រុម​នេះ​​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ទាំង​នៅ​ប្រ៊ុយណេ និង​កាល​នៅ​លេង​សិង្ហបុរី ព្រម​ទាំង​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​​កម្រិត​ទ្វីប​អាស៊ី AFC Champion League និង​ពានរង្វាន់ ASEAN Club Championship ផង​ដែរ។

ពានរង្វាន់​ 2021 Brunei Super League បាន​ចាប់​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០២១ មក​ ដោយ​គិត​ត្រឹម​ពេល​នេះ​ដំណើរការ​ដល់​សប្ដាហ៍​ទី៤ ហើយ។ សម្រាប់​កាល​វិភាគ​របស់​​ក្រុម DPMM FC ត្រូវ​​សម្រាក​កាល​ពី​ប្រកួត​សប្ដាហ៍​ដំបូង ដូច្នេះ​ទើប​តែ​ប្រកួត​បាន​៣លើក។ ចំពោះ​ក្រុម​ជើង​ឯក​ក្នុង​ពានរង្វាន់​នេះ​មាន​ឱកាស​​ចូលលេង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup ដូច​កម្ពុជា​ដែរ៕

Telegram-Troryorng
Share.