ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុង Pot4 នៃ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​ ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024 នៅ​ក្នុង​​ខែ​មិថុនា ឆ្នាំ​២០២៣ ខាង​មុខ ក្នុង​ចំណោម​ប្រទេស​៣១​ដែល​មាន​ឈ្មោះ។

តាម​គម្រោង​ការ​ចាប់​ឆ្នោត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ ដោយ​ក្រុម​ទាំង​៣១​នេះ​ត្រូវ​​ចាប់​ចូល​តាម​ពូល​នីមួយៗ ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​១៦​ឡើង​ទៅ​ជុំ​បន្ត​ស្វែង​រក​ជើង​ឯក។

ពានរង្វាន់​នេះ​ធ្វើ​ឡើង​រាល់​២ឆ្នាំ​ម្តង​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម៉្លេះ ដោយ​​ក្រុម​ជប៉ុន ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ក្នុង​ឆ្នាំ​២០២២ ដែល​ប្រទេស​គុយវ៉ែត ជា​ម្ចាស់​ផ្ទះ ស្រប​ពេល​ដែល​ក្រុម​អ៊ីរ៉ង់ ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​១២​សម័យកាល។

សមាជិក​ក្រុមហ្វូតសាល​របស់កម្ពុជា កាលពីឆ្នាំ២០២២ ក្នុងពានជើងឯកអាស៊ាន​កន្លង​ទៅ

ដោយ​ឡែក​សម្រាប់​ក្រុម​កម្ពុជា វិញ​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​នេះ​ចំនួន១​លើក​គឺ​នៅ​ឆ្នាំ​២០០៤ ដែល​ម៉ាកាវ ជា​ម្ចាស់​ផ្ទះ ដោយ​កាល​នោះ​កម្ពុជា ស្ថិត​ក្នុង​ពូល A ​ជា​មួយ​អ៊ីរ៉ង់, អ៊ូបេគីស្ថាន,​ឥណ្ឌូណេស៊ី និង​ហុងកុង។ ជា​លទ្ធផល​កម្ពុជា ឈ្នះ​ហុងកុង ៨-៤ តែ​ចាញ់​​អ៊ូប៊ែគីស្ថាន ១៣-១ ហើយ​បន្ត​ចាញ់​អ៊ីរ៉ង់ ២៤-១ និង​ចាញ់​ឥណ្ឌូណេស៊ី ៥-២៕

Share.