កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា ឆ្នាំ​ ២០២១ អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ និង​ ស្វាមី​ លោក​ គឹម​ សីហា បាន​រៀប​ចំ​ពិធី​មួយ​​​មាន​ឈ្មោះ​ថា​ រៀបរាម​ខ្នើយ​ នៅ​ក្នុង​វត្ត​ ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ថា​ តើ​ការ​រៀបចំ​ពិធី​នេះ​ដើម្បី​អ្វី​?​

យោង​តាម​ការ​បង្ហោះ​របស់​​តារា​សម្ដែង​ ពិធីការិនី​ និង​ជាអ្នក​ជំនួញ​ដ៏​ជោគជ័យ​ អ្នក​នាង​ គង់​ ចាន់​ស្រីមុំ​ បាន​បង្ហោះ​ចែក​ចាយ​​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​អ្នក​នាង​ និង​​ស្វាមី​កំពុង​អង្គុយ​ជា​គូ​សំពះ​ផ្ទឹម​មុខ​ខ្នើយ​ក្រហម​ ដោយមាន​រៀបចំ​ផ្លែ​ឈើដង្ហែ​ជា​ជួរ​​ប្រៀប​ដូច​ជា​ជំនូន​ ក្នុង​​ពិធី​សំពះ​ផ្ទឹម​ដូច្នោះ​ដែរ​ ប៉ុន្តែ​អ្នក​នាង​ និង​ស្វាមី​ បាន​រៀបរាប់​នឹង​ហៅ​ពិធី​ដែល​អ្នក​នាង​​ និង ស្វាមី​ រួម​ទាំង​សាច់​ញាតិ​កំពុង​ប្រារព្ធ​ឡើង​នេះ​ថា​ «ពិធី​រៀបរាម​ខ្នើយ»។

បន្ទាប់​ពី​តារា​ល្បី​រូប​នេះ​​បាន​បង្ហោះ​នៅ​​លើ​បណ្ដាញ​សង្គម​ភ្លាម​ ស្រាប់​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​សាកសួរ​ព្រោះ​តែ​មិន​ស្គាល់​ ឬ​មិន​ច្បាស់​ថា​ពិធី​ដែល​អ្នក​នាង​កំពុង​តែ​ធ្វើ​នេះ​ក្នុង​គោលដៅ​អ្វី​និង​ដើម្បី​អ្វី​?

ថ្វី​ត្បិត​តែ​សាមី​ខ្លួន​អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ មិន​បាន​ចូល​​មក​ឆ្លើយ​តប​ចំពោះ​ចម្ងល់​ខាង​លើ​ក្ដី​ ប៉ុន្តែ​ក៏​មាន​គណនី​មួយ​មាន​ឈ្មោះ​ថា​ January First បាន​ចូលមក​ស្រាយ​ចម្ងល់​របស់​ម្ចាស់​សំនួរ​ដ៏​ច្រើន​លើស​លប់​ថា​៖ «កម្មវិធី​រៀបរាម​ខ្នើយ​នេះ​ គេ​រៀបចំ​ឡើង​ដោយ​សារ​តែ​អ្នក​រៀប​មង្គល​ការ​ហើយ​មិន​សូវ​មាន​សេចក្ដី​សុខ​ក្នុង​គ្រួសារ​ រៀបការ​ហើយ​យូរ​មិនមាន​កូន​ ឬ​ពិបាក​មាន​កូន​ ទើប​គេ​រើស​ថ្ងៃ​ល្អ​ រៀបចំ​ពិធី​នេះ​ ប្រៀប​ដូច​ជា​រៀប​ការ​ម្ដង​ទៀត​​»។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ គេ​រៀប​ពិធីនេះ​ឡើង​វិញ​ គឺ​ដូច​ទៅ​នឹង​ការ​រៀប​ការ​ម្ដង​ទៀត​ ដោយ​សារ​តែ​កាល​ពី​មុន​រៀបចំ​ពិធី​មង្គល​ការ​ ខុស​ខែ​ថ្ងៃ​។

មាន​​ការ​សរសើរ​​ ​គេច​មិន​ផុស​ពី​ការ​រិះគន់​ដូច​គ្នា​ ​ព្រោះ​មាន​​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​​បាន​លើក​ឡើង​ថា​ ​ឃើញ​អ្នក​ចូលរួម​កម្មវិធី​​អ្នក​នាង​ច្រើន​តែ​មិនមាន​ ពាក់ម៉ាស​់​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​ និង​ ក្រសួង​សុខាភិបាល​នោះ​ទេ​​ ចំណែក​អ្នក​ខ្លះ​ទៀត​ ក៏​បាន​លើក​​ឡើង​ដែរ​ថា​ វត្ត​ និង​ តំបន់​ដែល​​អ្នក​នាង​ រៀបចំពិធី​នោះ​ស្ថិត​ក្នុង​ការ​រឹត​បន្តឹង​ជំងឺ​កូវីដ​-១៩។

​នៅ​ក្នុង​បរិយាកាស​នៃ​ពិធី​នោះ​ សង្កេត​ឃើញ​ថា​កូន​ស្រី​បណ្ដូល​ចិត្ត​តែ​មួយ​គត់​របស់​អ្នក​នាង គង់ ចាន់​ស្រីមុំ​ គឺ​កុមារី​ម៉ូម៉ូ ​ញញឹម​បិទ​មាត់​លែង​ជិត​ ហាក់​​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​​អង្គុយ​ខាង​ក្រោយ​ជ្រែក​កណ្ដាល​ ប៉ា​ម៉ាក់​តែម្ដង​​

Telegram-Troryorng

Share.