ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ នឹងត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។ បើតាមពន្ធដា ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាចបង់ពន្ធបានៅអគ្គនាយកដ្ឋានពន្ធដារ នៅសាខាពន្ធដារខេត្ត ខណ្ឌ និងនៅតាមបណ្ដាធានាគារមួយចំនួន។

ធនាគារដែលមានប្រតិបត្តិការសេវាបង់ពន្ធនោះ រួមមានធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធរនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ជេ ត្រាស់ រ៉ូយាល់ ធរនាគារស្ថាបនា ធនាគារប្រៃណីយ៍ វឌ្ឍនៈអាស៊ីចំកាត់ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងធនាគារវីងជាដើម។ ក្រៅពីនេះ អ្នកបង់ពន្ធក៏អាចបង់បានតាមរយៈ GDT Taxpayer App តាមរយៈការទាញយកម្មវិធីពី App Store និង Play Store។

ដោយឡែកសម្រាប់រថយន្តជាកម្មសិទ្ធិរបស់ស្ថានទូត ស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារដើម្បីទទួលបាននូវលតាបត្របង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំណែកមធ្យោបាយដឹកជញ្ជូន និងយានជំនិះរបស់ក្រសួង ស្ថាប័នរដ្ឋនានា ក៏ត្រូវរៀបចំឯកសាររពាក់ព័ន្ធមកស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារផងដែរ។

សូមបញ្ជាក់ថា ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទក្នុងឆ្នាំ២០២២កន្លងទៅ រដ្ឋទទួលបានចំណូលជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង១២៣% នៃផែនការ។ កំណើននៃចំណូលពន្ធគឺដោយសារវិធានការប្រមូលតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ពិសេសការបង្កើតកម្មវិធី GDT Taxpayer App សម្រាប់ការបង់ពន្ធ៕

Share.