សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកំណត់ឲ្យថ្នាក់ដឹកនាំ មន្ដ្រីរាជការមកបំពេញការងារ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូល នៃទីស្ដីការក្រសួង មុនពេលអនុញ្ញាតឲ្យចូលបម្រើការងារក្នុងការិយាល័យ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់នៅក្នុងសេចក្តីណែនាំរបស់ក្រសួងដែរថា សម្រាប់ភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ទើបអនុញ្ញាតឲ្យធ្វើការទំនាក់ទំនងការងារ។

បន្ថែមពីនេះ សម្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលមកបំពេញការងារត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា៖ ពាក់ម៉ាស, លាងដៃនឹងអាល់កុល ឬជែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល៕

Share.