នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៃការប្រកួតផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ លោក Oleg Starynskyi លើកឡើងថាណាហ្គាវើលដ៍ មានកីឡាករល្បឿនលឿន និងលេងការពារវាយបកបានល្អ។

គ្រូបង្វឹកភ្នំពេញក្រោន បានថ្លែងដូច្នេះថា៖«យើងធ្លាប់ជួបណាហ្គាក្នុងការប្រកួតវគ្គចែកពូល ការប្រកួតនោះពិតជាតានតឹងខ្លាំង ហើយនៅពេលដែលគេរកគ្រាប់បាល់បានមុនទៀតនោះ វាកាន់តែពិបាកក្នុងការស្វែងរកគ្រាប់បាល់ទៅលើគេ»។

«ព្រោះគេមានអ្នកចាំទីដ៏អស្ចារ្យ គេមានការរៀបចំការពារបានយ៉ាងល្អ តំបន់កណ្តាលក៏ល្អ ហើយក៏មានភាពសហការគ្នាបានល្អផងដែរ ខ្ញុំអាចនិយាយបានថាក្រុមនេះគឺគេមានទំរង់លេងច្បាស់លាស់របស់គេ នៅពេលនេះយើងមានអ្នកចាំទី ស៊ូ យ៉ាទី និងអ៊ុំ វិចិត្រ ដែលសុទ្ធតែជាអ្នកចាំទីល្អៗ មកប្រជែងគ្នា»។

«ពួកគេបានបាត់បង់កីឡាករជម្រើសដំបូងចំនួន ២នាក់ក្នុងក្រុម ប៉ុន្តែខ្ញុំជឿថាពួកគេមានទំម្រង់លេងច្បាស់លាស់ គេអាចជំនួសគ្នាបាន ជាពិសេសមានកីឡាករដែលអាចប្រើប្រាស់ល្បឿនលឿនៗ ក្នុងការលេងការពារវាយបកបាន»។

វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 ​នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ ជំនួបរវាង ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន វេលាម៉ោង ៦:៣០ នាទីល្ងាច នឹងធ្វើឡើងនៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕

Share.