ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានស្ថាបនា ផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត និងបើកការដ្ឋានសាងសង់​ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

May be an image of 13 people

តាមការលើកឡើង របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាឲ្យដឹងថាៈ គម្រោងសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើម​ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩ គីឡូម៉ែត្រ និងខេត្តស្វាយរៀង ​ប្រវែង ៦០,១ គីឡូម៉ែត្រ ។

This image has an empty alt attribute; its file name is image-165-1024x650.png

គម្រោងសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-ក្រុងបាវិតនេះមានទទឹងតួផ្លូវ ២៤,៥ ម៉ែត្រ មានគន្លងផ្លូវ សម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន៤ គន្លង ២គន្លងទៅ នឹង២គន្លងមក ដែលគន្លងនីមួយៗ មានទទឹង ៣,៧៥ ម៉ែត្រ ខឿនសួនចែក ទិសចរាចរណ៍ នៅចំកណ្តាលទ្រូង ផ្លូវទទឹង ៣ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហមទាំងសងខាង។ ហើយក៏មានសង់ស្ពានធំ និងមធ្យមចំនួន២៦ កន្លែង ស្ពានតូចចំនួន ១៦ កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧ កន្លែង។ មានសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៥ កន្លែង ផ្លូវរូងក្រោមដីធំ តូចចំនួន ២០៤ កន្លែង។ ចំណតឈប់សម្រាក ចំនួន២កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៣ កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៦ កន្លែង។

May be an image of map, floor plan and text

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាៈ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគ សរុ​បប្រមា​ណ ១.៣៥០ លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិ​បត្តិការ​-ផ្ទេរ​ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ ភាគរយជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿន ភ្នំពេញ -ក្រុងបាវិត ។ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

អត្ថបទ៖ សង្គម

Share.