អ្នក​ស្រី​ អម្ពរ ទេវី តារា​សម្ដែងភាពយន្ត​ជើង​ចាស់​ដ៏​ឆ្នើម​​ ដែល​មាន​ស្នាដៃ​ល្បីល្បាញ​ជា​ច្រើន​កន្លង​មក​ហើយ​នោះ​ បច្ចុប្បន្ន​អ្នក​ស្រី​កំពុង​តែ​រស់​នៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​ពោល​នឹក​រលឹក​ចំពោះ​ស្នាដៃ​សម្ដែង​របស់​អ្នក​ស្រី​ជា​និច្ច​ដូច្នេះ​ហើយ​ទើប​ រាល់​ឱកាស​ដែល​អ្នក​ស្រី​អញ្ជើញ​មក​លេង​ស្រុក​កំណើត​ អ្នក​ស្រី​តែងតែ​ត្រូវ​បាន​ផលិតកម្ម​ក្នុង​ស្រុក​ប្រជែង​គ្នា​អញ្ជើញ​ឱ្យ​អ្នក​ស្រី​ទៅ​ចូលរួម​សម្ដែង​ក្នុង​រឿង​ភាគ​របស់​ខ្លួន​។ យ៉ាង​ណា​មិញ​ ចំពោះ​អ្នក​ដែល​នៅ​នឹក​រលឹក​និង​ចង់​ឃើញ​ការ​សម្ដែង​របស់​អ្នក​ស្រី​ អម្ពរ​ ទេវី ​តួអង្គ​អ្នក​ម្ដាយ​មាន​ទ្រព្យ​ ពី​ភាពយន្ត​ខ្នាតធំ​រឿង​ «​ទឹក​ចិត្ត​អ្នក​ម្ដាយ​សម័យ​ថ្មី»​ ​អាច​ទស្សនា​រឿង​ភាគ​របស់​អ្នក​ស្រី​​ព្រោះ​នៅ​សល​់​រឿង​ភាគ​មួយ ​ដែល​​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​​ទូរទស្សន៍​ CTN គឺ​រឿង​ «ម្ចាស់​ក្រោល​ដំរី​»។

ថ្វី​ត្បិត​តែ​រឿង «​ម្ចាស់​ក្រោល​ដំរី​» ​នេះ​ បាន​ថត​តាំង​ពី​អំឡុង​ឆ្នាំ​២០១៨ ហើយ​ទើប​នឹង​​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ CTN ចាក់​បញ្ចាំង​ឱ្យ​បងប្អូន​អ្នក​និយម​ទស្សនា​រឿង​ភាគ​ខ្មែរ​បាន​តាម​ដាន​ទស្សនា​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា កន្លង​ទៅ​ សង្កេត​ឃើញ​ថា​អ្នក​ទស្សនា​បាន​កោត​សរសើរ​ខ្លាំង​ចំពោះ​រឿង​នេះ ពិសេស​អ្នក​ទស្សនា​មាន​វ័យ​រាង​ជ្រេ បាន​លើក​ឡើង​ថា​ រីករាយ​ដែលឃើញ​តារា​សំណព្វ​ចិត្ត​ទាំង​ពីរ​ដួង គឺ​លោក​ ទេព រិនដារ៉ូ​ និង អ្នក​ស្រី​ អម្ពរ​ ទេវី វិល​មក​សម្ដែង​រួម​គ្នា​ក្នុង​រឿង​ភាគ​ខ្មែរ​​របស់​ស្ថានីយទូរទស្សន៍ CTN ។

សម្រាប់​អ្នក​ស្រី​ អម្ពរ ទេវី ដែល​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​សម្ដែង​ក្នុង​រឿង «ឆន្ទា» រឿង​ថ្មី «ម្ចាស់​ក្រោល​ដំរី» គឺ​ជា​រឿង​ភាគ​មួយ​ទៀត​ដែល​អ្នក​ស្រី​បង្ហាញ​វត្តមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ម្ួយ​នេះ​។​

​ត្រលប់​​ថយក្រោយវិញ​​ រឿង​ភាគ​នេះ​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ក្នុង​ទឹក​ដី​ខេត្ត​បាត់​ដំបង នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ រួម​ជាមួយ​នឹង​រឿង​ «ឆន្ទា» ទាំង​ដែល​រឿង «​ឆន្ទា» ​បាន​ចាក់​បញ្ចាំង​រួច​រាល់​តាំង​ពី​២​ឆ្នាំ​មុន​ ប៉ុន្តែ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ទើប រឿង​នេះ​ត្រូវ​បាន​ត្រាំ​ទុក​ចោល​ រហូត​​ ៣​ឆ្នាំ​ក្រោយ​ ទើប​រឿង​ «ម្ចាស់​ក្រោល​ដំរី​» ត្រូវ​បាន​​ខាង​ស្ថានីយ​ទូរទស្សន៍​ CTN លើក​យក​មក​បញ្ចាំង​ឱ្យ​អ្នក​គាំទ្រ​បាន​តាម​ដាន​ទស្សនា​ ។

រឿង​ «ម្ចាស់​ក្រោល​ដំរី​» ក្រៅ​ពី​តារា​ជើង​ចាស់​ពីរ​រូប​ខាង​លើ​ (លោក ទេព រិនដារ៉ូ និង អ្នក​ស្រី​ អម្ពរ​ ទេវី) ក៏​នៅ​​តារា​​សម្ដែង​​​ក្មេង​ៗ​ជា​ច្រើន​រូប​ ​ក្នុង​នោះ​មាន​លោក​ អ៊ុន សិទ្ធា សម្ដែង​ជា​តួឯក​ប្រុស​ និង​ អ្នក​នាង​ ឆុំ​ វត្តី​ សម្ដែង​ជា​តួ​ឯក​ស្រី​ រួម​ដោយ​តារា​ប្រុុស​ស្រី​ល្បីៗ​ជា​ច្រើន​រូប​ទៀត​៕

ទស្សនា​ឈុត​ឆាក​ខ្លី​ពី​រឿង​ «ម្ចាស់​ក្រោល​ដំរី» ខាង​ក្រោម​នេះ ​៖

Telegram-Troryorng
Share.