ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានត្រៀមខ្លួនសម្រាប់ទប់ទល់នឹងព្យុះស៊ីក្លូនដ៏ខ្លាំងក្លាលើកដំបូងនៅឆ្នាំនេះ ដែលនឹងវាយប្រហារតំបន់ឆ្នេរសមុទ្ររបស់ប្រទេសទាំង២ នៅចុងសប្តាហ៍នេះ ដោយសារអាជ្ញាធរបានបញ្ឈប់សកម្មភាពនេសាទ និង ដាក់ពង្រាយបុគ្គលិកជួយសង្គ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ចាប់ពីសមុទ្រអារ៉ាប់ ព្យុះស៊ីក្លូន Biparjoy កំពុងសំដៅទៅកាន់ខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន និង ឆ្នេរសមុទ្រនៃរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា។

យោងតាមនាយកដ្ឋានឧតុនិយមប៉ាគីស្ថាន បានឲ្យដឹងថា ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងបោកបក់នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា នេះ ហើយអាចឈានដល់ល្បឿនខ្យល់អតិបរមារហូតដល់ ២០០គីឡូម៉ែត្រក្នុង១ម៉ោង។

បុគ្គលិកគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់ និងទីក្រុងដែលមានប្រជាជនរស់នៅច្រើន ដែលនឹងស្ថិតនៅត្រង់ផ្លូវដែលខ្យល់ព្យុះឆ្លងកាត់។

ព្យុះស៊ីក្លូននេះទំនងជា នឹងប៉ះពាល់ដល់ទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាកំពង់ផែធំបំផុតចំនួន២ របស់ឥណ្ឌាគឺកំពង់ផែ Mundra និង Kandla ក្នុងរដ្ឋ Gujarat។

ទន្ទឹមនោះ នាយករដ្ឋមន្ដ្រីរដ្ឋ Gujarat លោក Bhupendra Patel បានសរសេរនៅក្នុងបណ្ដាញសង្គម Twitter ថា កងទ័ព កងទ័ពជើងទឹក និង ឆ្មាំឆ្នេរសមុទ្ររបស់ឥណ្ឌា ក៏កំពុងជួយក្នុងការរៀបចំ និង ត្រៀមទប់ទល់ផងដែរ។

លោក Patel បាននិយាយថា ប្រជាជនដែលរស់នៅក្នុងតំបន់ទំនាបនឹងត្រូវជម្លៀសចេញប្រសិនបើចាំបាច់។

ដោយឡែកនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបប្រជុំជាមួយមន្ត្រីកំពូល ដើម្បីពិនិត្យការត្រៀមរៀបចំ និង ទប់ទល់ជាមួយគ្រោះមហន្តរាយដែលនឹងខិតជិតមកដល់នេះ។

នៅក្នុងប្រទេសប៉ាគីស្ថាន លោក Sherry Rehman រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុ និង សម្របសម្រួលបរិស្ថាន បាននិយាយថា នាយកដ្ឋានពាក់ព័ន្ធទាំងអស់នៃខេត្ត Sindh និង Balochistan ត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន បានស្នើឲ្យមន្ត្រីអាកាសយានដ្ឋានចាត់វិធានការជាបន្ទាន់ដើម្បីធានាសុវត្ថិភាពជើងហោះហើរ និងយន្ដហោះដឹកទំនិញ។

ព្យុះស៊ីក្លូន Biparjoy គឺជាព្យុះស៊ីក្លូនដ៏ខ្លាំងក្លាដំបូងបង្អស់ដែលបានវាយប្រហារប្រទេសប៉ាគីស្ថាន ចាប់តាំងពីទឹកជំនន់បានបំផ្លិចបំផ្លាញកាលពីឆ្នាំមុន ដោយបានធ្វើឲ្យមនុស្សចំនួន ១,៧៣៩នាក់បានស្លាប់ និងការខាតបង់ថវិកាចំនួន ៣០ពាន់លានដុល្លារអាមេរិក។

អ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងនាំឲ្យមានការកើនឡើងនៃព្យុះស៊ីក្លូននៅក្នុងតំបន់សមុទ្រអារ៉ាប់ ដែលធ្វើឲ្យការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយធម្មជាតិកាន់តែមានភាពបន្ទាន់ និង មមាញឹក។

លោក Raghu Murtugudde អ្នក​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ផែនដី​នៅ​សាកលវិទ្យាល័យ Maryland បាន​និយាយ​ថា​៖ «​មហាសមុទ្រ​បាន​ឡើង​កម្ដៅ​ខ្លាំង​ជាង​មុន​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ធ្វើឲ្យមានអំណោយផលសម្រាប់ព្យុះស៊ីក្លូនដ៏ខ្លាំងក្លា។

លោក Raghu បាននិយាយថា ការសិក្សាឆ្នាំ២០២១ បានរកឃើញថា ប្រេកង់ រយៈពេល និងកម្លាំងនៃព្យុះស៊ីក្លូននៅក្នុងសមុទ្រអារ៉ាប់បានកើនឡើងយ៉ាងខ្លាំងនៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ២០១៩។

របាយការណ៍អាកាសធាតុរបស់អង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថា ឥទ្ធិពលនៃព្យុះស៊ីក្លូនត្រូពិច នឹងកើនឡើងនៅក្នុងអាកាសធាតុក្តៅជាងមុន។

របាយការណ៍មួយរបស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០១៩ បានរកឃើញថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក ការឡើងកម្ដៅលើផ្ទៃសមុទ្រលឿនបំផុតបានកើតឡើងនៅក្នុងមហាសមុទ្រឥណ្ឌា។

នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិដូចជាព្យុះស៊ីក្លូននឹងកើនឡើង ហើយមិនអាចជៀសវាងបានឡើយ។

វិទ្យាស្ថានគោលនយោបាយអភិវឌ្ឍន៍ និងជាសមាជិកក្រុមប្រឹក្សាការប្រែប្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ឥឡូវនេះ ការត្រៀមខ្លួនកាន់តែប្រសើរ និងគោលនយោបាយកាន់តែល្អឡើង ជាពិសេសសម្រាប់ទីក្រុងឆ្នេរសមុទ្រធំៗនៅអាស៊ីខាងត្បូង ដូចជាការ៉ាជី បុមបៃ ដាកា និងកូឡុំបូ កាន់តែមានសារៈសំខាន់ ដូច្នេះហើយអាចធ្វើឲ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។

សូមជម្រាបថា កាលពីឆ្នាំ២០២១ ព្យុះស៊ីក្លូន Tauktae គឺជាព្យុះស៊ីក្លូនដ៏ខ្លាំងក្លាចុងក្រោយបង្អស់ ដែលបានបោកបក់មកក្នុងតំបន់តែមួយនេះ។ ព្យុះស៊ីក្លូននេះបានឆក់យកជីវិតមនុស្ស ១៧៤នាក់ និងបង្កការខូចខាតថវិកាជាង ១.៥៧ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ CNA

Share.