ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីលួចខ្សែភ្លើងនៅក្នុងការដ្ឋានដីឡូត៍ម្តងហើយម្តងទៀត នៅស្រុកល្វាឯមខេត្តកណ្តាល។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៣ខែមិថុនា ពេលដែលជនសង្ស័យយកខ្សែភ្លើងទៅលក់ឲ្យអ្នកទិញអេតចាយបន្ទាប់ពីមានបណ្តឹងពីដើមបណ្តឹងឈ្មោះ សែម  កង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ  ជាងភ្លេីង មានទីលំនៅបច្ចុប្បន្ន ភូមិបឹងឈូក  ឃុំបឹងបត់ ស្រុកបាកាន  ខេត្ត ពោធិ៍សាត់ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ ឡាំង  សុខម៉េង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម  ខេត្តកណ្តាល។

ក្រោយការឃាត់ខ្លួននោះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យរកឃើញមានសារធាតុញៀន។

បើតាមសមត្ថកិច្ច ជនសង្ស័យធ្លាប់ជាប់ ពន្ធនាគារ  រយៈពេល  ០៦ខែ ពីបទ  អំពេីលួច ប្រព្រឹត្តនៅ  ភូមិ បឹងគ្រំក្រោម  ឃុំបឹងគ្រំ  ស្រុកល្វាឯម   ខេត្តកណ្តាល  កាលពីថ្ងៃទី១៤.០៦.២០២០។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានមានខ្សែលួស ស្ពាន់  (ខ្សែភ្លេីង)  ទម្ងន់ ៣,២kg។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា កន្លងមកក្នុងការដ្ឋានពុះដីឡូត៍លក់របស់ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ស្ថិតនៅភូមិបឹងគ្រំក្រោម  ឃុំបឹងគ្រំ  ស្រុកល្វាឯម  ខេត្តកណ្តាល  តែងតែបាត់ខ្សែភ្លើង ហើយតំណាង អ្នកមើលការខុសត្រូវ ខាងប្រព័ន្ធអគ្គិសនី ធ្លាប់បានរាយការណ៍ជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងគ្រំ ឲ្យជួយពិនិត្យមើលសកម្មភាពចោរ ដែលច្រើនតែចូលលួចកាត់ខ្សែភ្លើងក្នុងការដ្ឋាន។

លុះនៅថ្ងៃទី១៣.០៦.២០២៣ វេលាម៉ោង ១៨:០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងគ្រុំ បានធ្វើការល្បាត ក៏ប្រទះឃេីញ ជនសង្ស័យឈ្មោះ ឡាំង  សុខម៉េង  បានយក លួសស្ពាន់ (ខ្សែភ្លើង) រុំ ជារមូលមួយដុំយកទៅលក់នៅកន្លែងទិញអេតចាយដោយមានការ សង្ស័យ  សមត្ថកិច្ចក៏បានហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងគ្រំ នៅចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ  ឡាំង  សុខម៉េង  បានឆ្លេីយសារភាពថា  នៅថ្ងៃមិនចាំ  ប្រហែលមួយសប្ដាហ៍ មកហើយ ក្នុងខែមិថុនា ឆ្នាំ២០២៣ ខ្លួនគេ បានធ្វេី សកម្មភាព ចូលលួចកាត់ខ្សែភ្លេីង ក្នុង ការដ្ឋាន ក្រុម ហ៊ុន ឡេង ណាវ៉ាត់ត្រា ដែលរាយតាមបណ្តោយផ្លូវ  ប្រវែងប្រហែល៤០ម៉ែត្រ  ហេីយយកមកទុកនៅផ្ទះរួចបាន  សកស្រោមជ័រយកសសៃស្ពាន់ខាងក្នុងទៅលក់  បានប្រាក់សរុប  ១៥មុឺនរៀល  ។

នៅថ្ងៃទី១៣.០៦ .២០២៣  វេលាម៉ោង ១៨:០០នាទី  ខ្លួនគេបានទៅលួចកាត់ខ្សែភ្លេីងមួយខ្សែទៀតនៅកន្លែងដដែលយកមកសកស្រោមជ័រយកសសៃស្ពាន់លក់ ក៏ត្រូវ សមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.