សិល្បៈ​ជាតិ​៖ នៅ​ក្នុងជំនួប​ប្រកួត​មិត្ត​ភាព​រវាង​កម្ពុជា​ (ម្ចាស់​ផ្ទះ​) និង​បង់ក្លាដេស​ (ភ្ញៀវ) ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់​កំដៅ​សាច់​ដុំ​ហើយ​នោះ​ ក៏​នៅ​មាន​ការ​ចូលរួម​បង្ហាញ​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ពី​កំពូល​តារា​ចម្រៀង​ Rapper ​ល្បីល្បាញ​ ងួន ចាន់​ដេវីត​ ផង​ដែរ​។

សូមអាន​៖ «មហានគរ» កក្រើក​ដូច​ផ្គរលាន់​ ចំនួន​ Views កើន​​ជិត២លានដង Youtubers Reaction ព្រោងព្រាត

ជា​ការ​ពិត​ណាស់​គេ​នៅ​ចាំ​បាន​ថា​បទ​ចម្រៀង​ «មហានគរ​» គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​ទទួល​បាន​ការ​និយម​គាំទ្រ​ខ្លាំង​ ហើយ​ទស្សនិកជន​និង​អ្នក​គាំទ្រ​តែង​តែ​​​ទទូច​ស្នើ​សុំ​យ៉ាង​អន្ទះសារ​ចង់​ឱ្យ​មាន​​ការ​លើក​យក​ផ្ទាំង​ទស្សនីយភាព​បទ​ចម្រៀង​នេះ ​មក​​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ខ្នាត​ធំ​។

សូមអាន៖ ​ការ​ច្រៀង​និង​សម្ដែង​បទ​​ «មហានគរ​» ​នឹង​លេច​ឡើង​ជា​លើក​ដំបូង​ក្នុង​​ការ​ប្រកួត​បាល់ទាត់​កម្ពុជាប៉ះ​បង់ក្លាដេស​

ទីបំផុត​ការ​ទន្ទឹង​របស់​អ្នក​គាំទ្រ​បាន​មក​ដល់​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ នា​វិមាន​ពហុកីឡាជាតិ​ភ្នំពេញ​ ក្នុង​ជំនួប​មិត្តភាព​កំដៅ​សាច់​ដុំ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្រុម​ជម្រើស​ជាតិ​បង់​ក្លាដេស​ កំពូល​តារា​ចម្រៀង​ G-Devith បាន​នាំ​យក​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ខ្មែរ​ដូច​ជា​៖ «កូរ​សមុទ្រ​ទឹកដោះ​, អប្សរា, ម្ករ, ល្ខោនខោល, គុន​ល្បុក្កតោ, ផ្កាយ​សំណាង​ កាន់​ទង់​, និង​គ្រុឌ» មក​សម្ដែង​និងច្រៀង នៅ​ក្នុង​ការ​បង្ហាញ​ចម្រៀង​ «មហានគរ​»​​។

ផ្ទាំង​ទស្សីយភាព​ដ៏អស្ចារ្យ​ខាង​លើ​បាន​ទាក់​ទាញ​បេះដូង​អ្នក​គាំទ្រ​ដែល​ទៅ​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​ឱ្យ​ក្រោកឈរ​និង​ស្រែក​ហោរ​កង​រំពង​លាន់​ទ្រហឹង​អ៊ឺកង​ គួរ​ជា​ទី​មោទនភាព​​យ៉ាង​ក្រៃលែង​។ ក្រៅ​ពី​អ្នក​ដែល​បាន​ទៅ​ទស្សនាផ្ទាល់​ នៅ​លើ​បណ្ដាញ​សង្គម​ឯណេះ​វិញ​ គេ​ឃើញ​មាន​គណនី​ និង​ផេក​ជា​ច្រើន​​បាន​កាត់​យក​​វីដេអូ​ផ្ទាំង​ទស្សនីយភាព​នេះ​មក​បង្ហោះ​ចែក​រំលែក​បន្ត​គ្នា​​ដើម្បី​ឱ្យ​អ្នក​ដែល​មិន​បាន​ទស្សនា​ការ​ Live ផ្ទាល់​បាន​​ឃើញ​ដូច​គ្នា​ដែរ​។

សង្កេត​ឃើញ​ថា​នៅ​តាម​ផេក​និង​គណនី​ ដែល​បាន​បង្ហោះ​ពី​ការ​ច្រៀង​និង​សម្ដែង​បទ​ «មហានគរ»​របស់​ប៉ា​ប៉ា​កូន​មួយ​ មិន​មាន​ពាក្យ​រិះគន់ បន្តុះ​បង្អាប់បែប​ជាន់​ពន្លិច​នោះ​ឡើយ តាម​រយៈ​ការ​បញ្ចេញ​មតិ​យោបល់​នានា​ដែល​លើក​ឡើង​នៅ​ខាង​ក្រោម​ផ្ទាំង​ទស្សនីយភាព​បទ​មហានគរ​ គឺ​មាន​តែ​ពាក្យ​វិជ្ជមាន មោទនភាព​ជាតិ​ និង​ក្ដី​រំភើប​ដែល​ទីបំផុត​បទ​ចម្រៀង​ដែល​រំលេច​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ខ្មែរ​បាន​បង្ហាញ​ខ្លួន​នៅ​កណ្ដាល​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះ​ករ​ដូច្នេះ​។

ការ​បង្ហាញ​ស្មារតី​សាមគ្គី​គាំទ្រ​សិល្បៈ និង​កីឡា​ជា​ធ្លុង​បែប​នេះ​ ធ្វើ​ឱ្យ​គេ​នឹកឃើញ​ដល់​ព្រះ​បន្ទូល​របស់​ព្រះ​បរម​រតន​កោដ្ឋ​ ធ្លាប់​បាន​មាន​ព្រះ​បន្ទូល​ថា​ ៖​​«ខ្មែរ​រួបរួម​ ខ្មែរ​​សាមគ្គី ​ប្រែ​ថា​ខ្មែរ​ឈ្នះ​»។ ​មែនទែន​ទៅ​ Show របស់​ Ditway បាន​បង្ហាញ​ឱ្យ​អ្នក​គាំទ្រ​មាន​មោទនភាព​ចំពោះ​ជាតិ​សាសន៍​ខ្លួន​ ជា​ពិសេស​គឺ​​បាន​កើត​លើ​ទឹក​ដី​កម្ពុជា​ដ៏​អច្ឆរិយ ​និង​ជា​កូន​ចៅ​អំបូរ​នាគរាជ​ដ៏​ខ្លាំង​ខ្លា​អស្ចារ្យ​៕

Share.