ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៩៦នាក់បានស្លាប់នៅក្នុងរដ្ឋចំនួន២ នៃរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈក្រុមប្រទេសជាច្រើនបានថមថយពីរលកកម្ដៅដ៏ក្តៅគគុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ការស្លាប់នេះបានកើតឡើងនៅរដ្ឋភាគខាងជើង Uttar Pradesh និង រដ្ឋភាគខាងកើត Bihar ជាកន្លែងដែលអាជ្ញាធរបានព្រមានអ្នកស្រុកដែលមានអាយុ ៦០ឆ្នាំឡើង និងអ្នកផ្សេងទៀតដែលមានបញ្ហាសុខភាពស្រាប់ ឲ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។

នៅក្នុងរដ្ឋ Uttar Pradesh មានអ្នកស្លាប់សរុបចំនួន ៥៤នាក់ ត្រូវបានរាយការណ៍នៅក្នុងស្រុក Ballia មានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Lucknow ដែលជារដ្ឋធានីរបស់រដ្ឋ។

អាជ្ញាធរបានរកឃើញថា អ្នកស្លាប់ភាគច្រើនមានអាយុលើសពី ៦០ឆ្នាំ និង អ្នកមានបញ្ហាសុខភាពពីមុនស្រាប់ ដែលអាចនឹងកាន់តែធ្ងន់ធ្ងរឡើង ដោយសារកម្ដៅឡើងខ្លាំង។

មន្ត្រីពេទ្យនៅស្រុក Ballia បាននិយាយថា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ អ្នកជំងឺប្រហែល ៣០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក ដោយសារជំងឺផ្សេងៗដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារកម្ដៅ។

ដោយសារតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរ អាជ្ញាធរបានលុបចោលពាក្យសុំឈប់សម្រាករបស់បុគ្គលិកពេទ្យនៅស្រុក Ballia និង ផ្តល់គ្រែអ្នកជំងឺឲ្យមន្ទីរពេទ្យបន្ថែមនៅកំឡុងពេលនៃការជួយសង្គ្រោះបន្ទាន់ ដើម្បីសម្រួលដល់ការព្យាបាលអ្នកជំងឺ។

មន្ត្រីបាននិយាយថា ភាគច្រើននៃអ្នកជំងឺដែលបានទទួលការព្យាបាល គឺមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដែលបង្ហាញរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង ក្អួត រាគ ពិបាកដកដង្ហើម និងបញ្ហាទាក់ទងនឹងបេះដូង។

បើតាមអ្នកដែលរស់នៅស្រុក Ballia ដែលបានបាត់បង់ឪពុករបស់គាត់កាលពីថ្ងៃសៅរ៍ បាននិយាយថា គាត់បានឃើញការកើនឡើងនៃអ្នកជំងឺនៅកន្លែងសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ នៅពេលដែលគាត់កំពុងទៅជួបឪពុករបស់គាត់។ អ្នកស្រុកបន្ដថា រឿងនេះមិនធ្លាប់មានពីមុនមកនៅស្រុក Ballia ទេ។ ខ្ញុំ​មិន​ដែល​ឃើញ​មនុស្ស​ស្លាប់​ដោយ​សារ​កម្ដៅ ច្រើន​បែប​នេះ​ទេ។ ស្រុក Ballia រួម​ជាមួយ​រដ្ឋ Uttar Pradesh ភាគ​កណ្តាល និង ​ភាគ​ខាង​កើត​បច្ចុប្បន្ន​កំពុង​តែ​ប្រឈម​នឹងរលក​កម្ដៅ​ខ្លាំង។

កាល​ពី​ថ្ងៃ​អាទិត្យ ស្រុក​ Ballia បាន​ជួប​ប្រទះ​នឹង​សីតុណ្ហភាព​អតិបរិមា​ ៤៣​អង្សា​សេ ដែល​លើស​ពី​កម្រិត​ធម្មតា​៥​អង្សាសេ។

ទន្ទឹមនោះ លោក Atul Kumar Singh អ្នកវិទ្យាសាស្ត្រមកពីនាយកដ្ឋានឧតុនិយមឥណ្ឌា ឬ IMD បាននិយាយថា សីតុណ្ហភាពនៅទូទាំងរដ្ឋបច្ចុប្បន្ន គឺខ្ពស់ជាងធម្មតា។ លោក​បាន​បន្ថែម​ថា «មិនមាន​ការ​សង្គ្រោះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ក្នុង​រយៈពេល ២៤ម៉ោង​បន្ទាប់​ទេ»។

ស្របពេលជាមួយគ្នានេះដែរ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាន​ចេញ​ការ​ប្រកាស​អាសន្ន​ដោយ​និយាយ​ថា ​រលក​កម្ដៅ​នឹង​បន្ដមាន​រហូត​ដល់​ថ្ងៃ​ទី ១៩ ខែ​មិថុនា នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋ Uttar Pradesh។

ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋ លោក Brijesh Pathak បាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតលើមូលហេតុនៃការស្លាប់របស់ «មនុស្សជាច្រើន» នៅស្រុក Ballia។

នៅរដ្ឋភាគខាងកើត Bihar រលកកម្ដៅដ៏ក្តៅគគុកបានវាយប្រហាររដ្ឋភាគច្រើន ដែលនាំឲ្យមានមនុស្សស្លាប់ចំនួន ៤២នាក់ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។ ក្នុងចំណោមអ្នកស្លាប់ចំនួន ៣៥នាក់ បានកើតឡើងនៅមន្ទីរពេទ្យចំនួន២ ក្នុងរដ្ឋប៉ាតាណា ដែលមានអ្នកជំងឺជាង ២០០នាក់ កំពុងត្រូវបានព្យាបាលពីជំងឺរាគរូស និង ក្អួត។

នៅទីក្រុង Patna នៃរដ្ឋភាគខាងកើត Bihar បានកត់ត្រាសីតុណ្ហភាពអតិបរមា ៤៤.៧អង្សាសេ កាលពីថ្ងៃសៅរ៍។

អំឡុងពេលជួបប្រទះនឹងរលកកម្ដៅ ប្រទេសឥណ្ឌាតែងតែទទួលរងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់សិបលាននាក់ ក្នុងចំណោមប្រជាជនចំនួន ១.៤ពាន់លាននាក់ របស់ខ្លួនខ្វះទឹកប្រើប្រាស់។

សូមជម្រាបថា កាលពីខែមេសា កម្ដៅបានបណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ នៅក្នុងព្រឹត្តិការណ៍រដ្ឋាភិបាលមួយនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌា នៃទីក្រុងបុមបៃ ហើយបានជំរុញឲ្យរដ្ឋមួយចំនួនបិទសាលារៀនទាំងអស់ក្នុងរយៈពេល១សប្តាហ៍៕

ប្រភព៖ CNA

ចុចអាន៖ អាកាសធាតុក្ដៅខ្លាំងនៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌា ជំរុញឲ្យមនុស្សមានវ័យចាប់ពី៦០ឆ្នាំ ស្នាក់នៅតែក្នុងផ្ទះ

Share.