កណ្តាល ៖ ស្ត្រីវ័យក្មេងម្នាក់ កើតមានបញ្ហាផ្លូវចិត្តជាមួយប្តី ធ្វើដំណើរចេញពីក្រុងព្រះសីហនុ មកស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល បាន១សប្តាហ៍ បែរជាសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយទៅលោតហក់ពីលើស្ពានព្រែកតាមាក់ ទើរលើជើងគ្រឹះស្ពានបោកក្បាលស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល រហូតដល់វេលាម៉ោង៣និង៤៥នាទីរសៀល ទើបសមត្ថកិច្ចដាក់សាកសពចុះ បណ្តែតតាមក្បូន នាំចូលទៅវត្តព្រែកអញ្ចាញ ដើម្បីពិនិត្យកោសល្យវិច័យ ហើយប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមសាច់ញាតិ មានវត្តមាននៅរងចាំបរិវេណវត្តព្រែកអញ្ចាញ បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ សារិន ថៃហ្វា ហៅស្រី ស អាយុ ២១ឆ្នាំ រស់នៅ និងធ្វើការងារជាមួយប្តី នៅឯក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ស្ត្រីរងគ្រោះមានកូនស្រីម្នាក់ អាយុជាង១ខួប រស់នៅជាមួយបងស្រី ឯស្រុកពញាឮ ។

តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ វិលមកពីក្រុងព្រះសីហនុ បាន១សប្តាហ៍ហើយ គ្រាន់តែឲ្យដឹងថា ពិបាកចិត្ត មានបញ្ហាឈ្លោះប្រកែកគ្នាជាមួយប្តី ។

ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បងប្អូនរវល់ជាប់ការងារ មិនដឹងថាជនរងគ្រោះចេញពីផ្ទះ ក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ពីពេលណាមកទេ ដល់វេលាម៉ោងបាយថ្ងៃត្រង់ហើយ ទើបដឹងថាជនរងគ្រោះបាត់ពីផ្ទះ រហូតដល់ទទួលដំណឹងថា ទៅលោតសម្លាប់ខ្លួននៅស្ពានព្រែកតាមាក់ទៅវិញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ឃើញជនរងគ្រោះដើរកាន់ថង់ខ្មៅ ពីផ្លូវជាតិ៦អា ឡើងលើស្ពានព្រែកតាមាក់ ឆ្ពោះទៅកើត ជិតដល់ពាក់កណ្តាលស្ពាន ស្រាប់តែផ្លោះបង្កាន់ដៃហក់លោតទម្លាក់ខ្លួន តែមិនចូលដល់ទឹក ទើរលើជើងគ្រឹះស្ពានបោកក្បាលស្លាប់ បង្កឲ្យភ្ញាក់ផ្អើល នៅកន្លែងកើតហេតុ ខាងលើស្ពានបន្សល់ទុកស្រាបៀរ២កំប៉ុង និងសំបកកំប៉ុងផឹកហើយចំនួន៣ ស្បែកជើងមួយគូ ។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះទៅ ដើម្បីដាក់ទម្លាក់ចុះពីលើជើងគ្រឹះស្ពាន រួចដាក់លើក្បូន នាំយកទៅវត្តព្រែកអញ្ចាញ ដើម្បីពិនិត្យកោសល្យវិច័យ នៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃដដែល ហើយប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.