ប្រទេសវៀតណាមកំពុងរងសម្ពាធកាន់តែខ្លាំងពីការកើនឡើងចំនួនអ្នកឆ្លងកូវីដ១៩ យ៉ាងគំហុកនៅទីក្រុងហូជីមិញ ខណៈតាមមន្ទីរពេទ្យមួយចំនួនខ្វះកន្លែងព្យាបាលអ្នកជំងឺ។
ករណីឆ្លងដែលបានកើនឡើងរហូតដល់ខ្ទង់ពាន់នាក់ក្នុង១ថ្ងៃ និងការសម្រុកធ្វើតេស្តសម្រាប់ករណីពាក់ព័ន្ធ COVID-19 កំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ដល់ទីក្រុងហូជិមិញ ដែលកំពុងស្ថិតនៅក្នុងការបិទខ្ទប់ (Lockdown) ស្រាប់ទៅហើយនោះ។

បច្ចុប្បន្ននេះប្រទេសវៀតណាមកំពុងតែពិបាកទប់ទល់នឹងមេរោគកូវីដ១៩ហើយ ព្រោះនៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងហូជីម៉ិញ មានការកកកុញយ៉ាងខ្លាំងដែលតម្រូវអោយអ្នកធ្វើ    ចត្តាឡីស័ក និង អ្នកជំងឺបង្ខំចិត្តគេងនៅក្នុងតង់នៅតាមទីធ្លាខាងក្រៅមន្ទីរពេទ្យជាបណ្ដោះអាសន្នដើម្បីរង់ចាំការសង្រ្គោះ និង ព្យាបាលពីគ្រូពេទ្យ។

តំបន់សេដ្ឋកិច្ច និងរោងចក្រមួយចំនួន ដែលមានសង្វាក់ផលិតកម្មចាំបាច់ អាជ្ញាធរបានតម្រូវឲ្យខាងស្ថាប័នទាំងនោះ រៀបចំកន្លែងស្នាក់នៅសម្រាប់ បុគ្គលិកសំខាន់ៗឲ្យបានសមរម្យ។ ប៉ុន្តែបើតាមរូបភាពមួយចំនួន ដែលត្រូវបានចុះផ្សាយឃើញថា កម្មករជាច្រើនត្រូវបានរៀបចំឲ្យស្នាក់នៅក្នុងតង់ ហើយប្រការនេះក៏កំពុងទទួលការរងរិះគន់ផងដែរ ព្រោះអាចប្រឈមនឹងហានិភ័យខ្ពស់បំផុត។

ដោយឡែករោងចក្រនៃក្រុមហ៊ុនធំៗមួយចំនួនរបស់បរទេសដូចជា Nike, Adidas, Pou Chen និង Samsung បានផ្អាកផលិតកម្មរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងហូជីមិញ ដោយសារតែផ្ទុះករណីឆ្លងនៅតាមរោងចក្រ និងសហគ្រាសរបស់ពួកគេ។

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៨,២៣៩នាក់ ក្នុងនោះស្លាប់ ១៣៨នាក់ និងជាសះស្បើយ ៩,៦២៤នាក់៕

ប្រែសម្រូលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.