សិល្បៈ​ជាតិ​៖​ ដើម្បី​ចូល​រួម​អបអរសាទរ​ខួប​លើក​ទី​៤៦​ ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ​ពត​ ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​ នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ មក​ស្គាល់​អំពី​ភាពយន្ត​ទាំង​ ១០​ រឿង​ដែល​បាន​ ឆ្លុះ​បញ្ចាំង​ពី​សោកនាដកម្ម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​កូន​ខ្មែរ​ចងចាំ​មិន​ភ្លេច​។​

1- ​នរក​ ៩​ ជាន់​

ភាព​យន្តមួយនេះដឹកនាំដោយលោក មីឡាន មូហ្វណា ឆ្នាំ ១៩៨៩ រយៈពេល ៩៦ ​នាទី​និយាយ​ជា ​ភាសាខ្មែរ ​និងជាខ្សែភាពយន្តមនោសញ្ចេតនាដ៏ជ្រាលជ្រៅ​រវាង​វេជ្ជ​បណ្ឌិត​ជនជាតិ​ឆេក និង​នារី​កម្ពុជា​។ របប ប៉ុល ពត ដ៏កំណាច បានធ្វើឱ្យគូស្នេហ៍មួយគូនេះត្រូវបែកបាក់ និង​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ដ៏​ស្លូតត្រង់​រាប់​លាន​នាក់​រស់នៅ​ដូច​ធ្លាក់​នរក​ទាំងរស់ ដែលនឹងធ្វើឱ្យលោកអ្នកភ័យតក់ស្លុតពេលដែលកំពុងទស្សនា។ ភាពយន្ត​នេះ​ក៏​មាន​ការ​ចូល​រួមពីសំណាក់តារាស្រីល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺ​លោក​ស្រី​ អ៊ុំ ​សុវណ្ណនី​។​

2-គុក​ឥត​ជញ្ជាំង​

ជា​ភាពយន្ត​ដែល​ស្ដែងពីពីជីវិតរបស់នារីម្នាក់នាំកូនៗមកតាមរកស្វាមីនៅក្នុងរបបខ្មែរក្រហម ហើយ​ត្រូវ​ឆ្លង​កាត់​ការ​សម្លាប់​រង្គាលនៅក្នុងប្រទេសកម្ពុជា។ សាច់រឿងរបស់នាងបង្ហាញអំពីសេចក្តីក្លាហាន និងការរស់រានមានជីវិត និងជាសាច់រឿងដែលគួរឱ្យចាប់អារម្មណ៍ ។ នាង​បាន​រស់រាន​មាន​ជីវិត​ដើម្បី​ប្រាប់​ពី​សាច់​រឿង​នៃ​ការ​សម្លាប់​រង្គាល​នោះ​ អ្នក​ដែលបានរស់នៅឆ្លងកាត់ការភ័យខ្លាចអស់រយៈពេលជាច្រើនឆ្នាំ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​ដៅ​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​បញ្ញវន្ត​ជា​ច្រើន​នាក់​ ។​

3-ឃ្លាត​ទៅ​សែន​ឆ្ងាយ ( Lost Loves )​

ភាពយន្តនេះដឹកនាំរឿងដោយលោក ​ឆាយ បូរ៉ា បាន​រៀបរាប់​ពី​ប្រវត្តិ​ពិត​​របស់​ស្រី្ត​ជា​ម្តាយ​ម្នាក់ ដែល​បាន​ឆ្លងកាត់​ការ​លំបាក ការ​ព្រាត់ប្រាស់ ការ​តស៊ូ រហូត​ដល់​ការ​រស់រាន​មាន​ជីវិត​ជា​ថ្មី​ចេញ​ពី​របប​ខ្មែរក្រហម។ ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ខ្សែភាពយន្តដែល​មាន​មនោសញ្ចេតនា​ស៊ី​ជម្រៅបំផុត។

4-វាល​ពិឃាដ ​(The Killing Fields) ​

ភាពយន្តនេះគ្រប់គ្នាបានដឹងថា សម្ដែងដោយលោកបណ្ឌិត ង៉ោ ហាំងសំណាង ​តារា​ឯក​ប្រុស​កម្ពុជា​ដំបូង​ដែល​បាន​ទទួល​ពានរង្វាន់អូស្ការ​។ ភាពយន្តនេះ ជា​ស្នាដៃ​ដ៏​សម្រាំង​របស់​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​ ប្រទេស​អាមេរិក ស្តីអំពីទិដ្ឋភាព​ពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ និង​ជីវភាព​ដ៏​លំបាក​វេទនា​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​ប្រល័យពូជសាសន៍​ ប៉ុល ពត ។ ​ខ្សែភាពយន្ត​នេះ​បានធ្វើឱ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល និង​ទទួលស្គាល់​ពី​ទុក្ខវេទនា​របស់​ប្រជាជន​ខ្មែរ​នា​ដំណាក់កាល​នោះ ។​

5-ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ​

ភាពយន្តឯកសារនេះ គឺជាភាពយន្តដែលឆ្លុះ​បញ្ចាំង​ពី​សារ​​ប្រវត្តិ​ដ៏​ជូរចត់​របស់​ជនរងគ្រោះ​​នៃ​របប​ខ្មែរដែល​បាត់​បង់​ភាព​ជា​មនុស្សជាតិ និពន្ធដោយលោកស្រី អ៊ឹង លួង និងដឹកនាំរឿងដោយអ្នកនាង អេនជីលេណា ជូលី នៅឆ្នាំ ២០១៧។ ភាពយន្តនេះបានលាតត្រដាងពីជីវិតក្មេងស្រីឈ្មោះ លួង បាន​រស់​នៅ​ក្នុង​របប​វាល​ពិឃាត​ដ៏​ឃោរឃៅ​ ប៉ុល ពត ហើយនាងខិតខំប្រឹងប្រែងរំដោះខ្លួនឱ្យរស់រានមានជីវិត រហូត​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ដែល​ធ្លាប់ឆ្លង​កាត់​របប​នេះ​បានបង្ហូរ​ទឹក​នេត្រា​គ្រប់គ្នា នៅ​ពេល​បាន​ទស្សនា​ភាពយន្ត​នេះ​។

6-តន្ត្រី​ជីវិត ​(In the life of music)

ខ្សែភាពយន្តនេះដឹកនាំ​ដោយ​លោកស្រី ខេលី សូ និង​លោក​ សុខ វិសាល គឺ​ជា​រឿង​ជំនាន់​ក្រោយ​ដែល​និយាយ​ពី​ស្នេហា សង្រ្គាម និង​ទំនាក់​ទំនង​ស្នេហាអម​ជាមួយ​នឹង​បទ​«ចម្ប៉ា​បាត់ដំបង»​របស់​អធិរាជ​សំឡេង​មាស ស៊ីន​ ស៊ីសាមុត។ ក្នុង​សាច់​រឿង បាន​បង្ហាញ​ពី​សម័យ​កាល​៣​ផ្សេង​គ្នា ដែល​ជីវិត​មនុស្ស​ក្នុង​៣​ជំនាន់​នោះត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយសារ​របប​ខ្មែរ​ក្រហម​បាន​ចូល​មក​ដល់។

7-ទ្វារ​របង​ (The Gate )

ភាពយន្តនេះត្រូវ​បាន​ដក​ស្រង់​​ឡើង​ពី​សៀវភៅ​របស់​លោក ហ្វ្រង់ស្វ័រ ប៊ីហ្សូ ដែល​បាន​ចង​ក្រង​ពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា​​ក្នុង​អំឡុង​ពេល​មុន​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច។ ភាពយន្តនេះដែរ បានន​ផលិត​ឡើង​​​​រវាង​ផលិតករ​បារាំង​ និង​កម្ពុជា បន្ទាប់​ពី​ចុះ​ហត្ថលេខា​ជា​មួយ​គ្នាផលិតនៅឆ្នាំ ២០១៤។ ភាពយន្តនេះក៏មានតួប្រុស ផឿង កុម្ភៈ សម្ដែង​ជា​តួ ​ឌុច​ អ្នក​បាន​ចូល​ទៅ​គ្រប់​គ្រង​មន្ទីរ​ធ្វើ​ទារុណ្ឌកម្ម និង​ប្រហារ​ជីវិតនៅមន្ទីរ ស ២១ ហៅ​ទួល​ស្លែង។

8-Funan​

ភាពយន្ត​គំនូរ​ជីវចល​ “Funan” គឺជាភាពយន្តនិយាយពីរបបខ្មែរក្រហមបានជាប់​ពានរង្វាន់ធំបំផុតពីអន្តរជាតិ។ ភាពយន្តនេះរៀបរាប់ពីជីវិតរបស់ម្តាយ ផលិតករ និងសិល្បករគំនូរជីវចលខ្មែរ បារាំង Denis Do ផ្ទាល់ ក្នុង​អំឡុង​របប​ខ្មែរ​ក្រហមនៅប្រទេសកម្ពុជា ដែលជួបទុក្ខលំបាកជារៀងរាល់ថ្ងៃ និង​ត្រូវ​ទ្រាំទ្រ​ការ​គៀប​សង្កត់​ពោរពេញ​ដោយ​អំពើ​ហិង្សា។ ខ្សែភាពយន្តមួយនេះក៏បង្ហាញពីទឹកចិត្ត និងការខិតខំរបស់ម្តាយលោក Denis Do ដែល​ស្វែង​រក​កូន​ប្រុស​របស់គាត់​បន្ទាប់ពី​បាន​បែក​បាក់គ្នា​ក្នុងអំឡុង​ពេល​ជម្លៀស​ប្រជាជន​ចេញ​ពី​ទី​ក្រុង​ដោយ​ប្រើ​កម្លាំង​បាយ​ ព្រមទាំងអាវុធ របស់ទាហាន ប៉ុល ពត ទៅ​កាន់​ជំរំ​ពលកម្ម​នៅឯ​តាមជាយខេត្ត ដែល​នេះ​ជា​ហេតុការណ៍​នាំ​ដល់​ការ​រលំ​នៃ​ទី​ក្រុង​ភ្នំពេញ ដោយកងទ័ព​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច​នៅថ្ងៃទី ១៧ មេសា​ ឆ្នាំ​ ១៩៧៥។

9-កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់ (Don’t Think I’ve Forgotten: Cambodia’s Lost Rock & Roll )

«កុំ​ស្មាន​បង​ភ្លេច ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់» ជាភាពយន្តជីក​កកាយ​នូវ​លក្ខណៈ​ធាតុ​ផ្សំ​របស់​តន្ត្រី​ខ្មែរ​ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​តន្ត្រី​រ៉ក់ អេន រ៉ូល ហើយ​បាន​រីក​ចម្រើន​ឆ្ពោះទៅ​មុខ ប៉ុន្តែ​ស្ទើរ​តែ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ។ ខ្សែភាពយន្ត​ឯកសារ​នេះ​បាន​ផ្តល់​គំហើញ​ថ្មី​ស្ដីពី​ប្រទេស​មួយ​ដែល​យើង​ធ្លាប់តែ​ឮ​ពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ។

10- កង្វះ​រូបភាព​ (The Missing Picture )

កង្វះរូបភាព ឬ The Missing Picture គឺជា​ភាពយន្តឯកសារ​មួយ​បង្ហាញ​ពី​បទពិសោធ​និង​ការ​ចងចាំ​មួយ​របស់​ផលិតករគឺលោក រិទ្ធី ប៉ាន់ នា​អំឡុង​សម័យ​ខ្មែរ​ក្រហម​ដ៏​ខ្មៅ​ងងឹត​។ លោក​បាន​ធ្វើ​រូបភាព​ដី​ឥដ្ឋ​ជា​តំណាង​នៃ​តួអង្គ​ក្នុង​រឿង។ វា​ក៏​ជា​ភាពយន្ត​ដែល​ទទួល​បាន​រង្វាន់​កំពូល​ពី​កម្មវិធី​មហោស្រព​ភាពយន្ត​ធំ​ៗទូទាំង​ពិភពលោក​។

Share.