ខ្សែការពារ Michael Kempter វ័យ​២៦​ឆ្នាំ សមាជិក​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន បាន​ចុះ​កុងត្រា​​រយៈ​ពេល​២ឆ្នាំ​លេង​នៅ​លីគ​កំពូល​ប្រទេស​​ប្រទេស​ស្វីស (Swiss Super League) ជាមួយ​ក្រុមFC St. Gallen ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ​ក្រុមNeuchâtel Xamax សមាជិក​​លីគ​ទី២ របស់​ស្វីស (Swiss Challenge League)។

កីឡាករ​កម្ពស់ ១.៨១ម៉ែត្រ​រូប​នេះ មាន​ឪពុក​ជា​ជនជាតិ​ស្វីស ហើយ​មាន​ម្តាយ​ជា​ជនជាតិ​ហ្វីលីពីន ដើម​កំណើត​ក្នុង​ទីក្រុង Pasay។ រូប​គេ​​បាន​សម្រេច​ប្តូរ​សញ្ជាតិ​​ពី​ស្វីស ទៅ​ហ្វីលីពីន នៅ​​ឆ្នាំ​២០២១ ថ្មីៗ​នេះ​តែ​ម្តង ខណៈ​ខ្លួន​ធ្លាប់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ស្វីស​ក្រោម​អាយុ​១៩​ឆ្នាំ​និង​ក្រោម​២០ឆ្នាំ ចន្លោះ​ឆ្នាំ​២០១៤ ដល់​២០១៦ ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ប្រធានាធិបតី​ Duterte ស៊ីញេ​ផ្ដល់​សញ្ជាតិ​ហ្វីលីពីន ​ដល់​កីឡាករ​បាល់ទាត់​អេស្ប៉ាញ​ម្នាក់

កីឡាករ​រូប​នេះ​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​ខ្លាំង FC Zürich នៅ​លីគ​កំពូល​ស្វីស ពី​ឆ្នាំ​២០១៦ ដល់​២០២០ ខណៈ​ឆ្នាំ​២០២០ ដល់​២០២១ ចូលរួម​ក្រុមNeuchâtel Xamax សមាជិក​​លីគ​ទី២ របស់​ស្វីស ហើយ​ចុងក្រោយ​នេះ​រូប​គេ​ត្រឡប់​ទៅ​លេង​លីគ​កំពូល​ស្វីស វិញ​ដោយ​ចូលរួម​ក្នុង​ក្រុម ​FC St. Gallen។

ដោយ​ឡែក​ក្រុម FC St. Gallen ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ស្វីស ២លើក​នៅ​ឆ្នាំ​១៩០៣-១៩០៤ និង​ឆ្នាំ​១៩៩៩-២០០០ ហើយ​នៅ​ឆ្នាំ​២០១៩-២០២០ ថ្មីនេះ​បាន​ត្រឹម​ជើង​ឯករង ព្រម​ទាំង​ឈ្នះ​ពានរង្វាន់​ក្នុង​ស្រុក​ជា​ច្រើន​ផង​ដែរ៕

Telegram-Troryorng
Share.