ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់សម្រេចបញ្ចប់មុខតំណែងឯកឧត្តម ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ការសម្រេចបញ្ចប់មុខតំណែងរដ្ឋលេខាធិការខាងលើ គឺធ្វើឡើងបន្តាប់ពី សម្ដេចហ៊ុន សែន ប្រតិកម្មចំពោះ ឯកឧត្តម ឌុច សុវណ្ណារីថា បានប្រមាថសាកសពចំពោះមរណភាពមន្រ្តីមួយរូបដែលបានជួយរួមចំណែកកសាងប្រទេសជាតិតាំងពីឆ្នាំ១៩៧៩មក ដែលទង្វើនេះ សម្ដេចថា ជាមន្រ្តីដឹកនាំមួយរូបខ្វះគុណធម៌។

សម្ដេចបានសរសេរនៅលើហ្វេសបុកថា «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណភាព​ បង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ​ម៉ែន សំអនសុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារី​ ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»៕

Share.