សិល្បៈអន្តរជាតិ ៖ អ្នក​គាំទ្រ​ ​និង​ ​មិត្តភក្តិ​ ​របស់​តារា​ចម្រៀង​-​តារា​សម្ដែង​ ​ចិន​-​អាមេរិក​​ CoCo Lee​ មាន​ការ​រន្ធត់​និង​ក្ដុកក្ដួល​ចិត្ត​ជា​ខ្លាំង​ ក្រោយ​ទទួល​បាន​ដំណឹង​មរណភាព​កំពូល​តារា​ចម្រៀង​រូប​នេះ​។​ ​តារា​ចម្រៀង​វ័យ​៤៨​ឆ្នាំ​ធ្លាប់​ប្រឈម​នឹង​ដំណឹង​ចចាមអារ៉ាម​លែងលះ​ស្វាមី​ និង​ឆ្លង​កាត់​ពេលវេលា​ដ៏​លំបាក​ជា​ច្រើន​ខែ​ដោយសារ​បញ្ហា​របួស​ជើង​។​ ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៥​ ខែ​កក្កដា​ ​សមាជិក​គ្រួសារ​របស់​លោកស្រី​បាន​ប្រកាស​ថា​ ​លោក​ស្រី​ កូកូលី​ បាន​ទទួល​អនិច្ច​កម្ម​ដោយ​អត្តឃាត​។​ ​

នៅ​ក្នុង​ដំណឹង​មរណទុក្ខ​ដែល​ផ្ដល់​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ ពី​សមាជិក​គ្រួសារ​សព​លោក​ស្រី​ ​បាន​បង្ហាញ​អារម្មណ៍​សោក​សង្រេង​ជា​ពន់ពេក​ ព្រម​ទាំង​ទម្លាយ​ឲ្យ​ដឹង​ថា​ ​តាម​ពិត​ CoCo Lee​ បាន​តស៊ូ​ជាមួយ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ច្រើន​ឆ្នាំ​ ​ហើយ​បើ​ទោះ​ជា​ព្យាយាម​យក​ឈ្នះ​លើ​ជំងឺ​ផ្លូវ​ចិត្ត​ក្ដី​ តែ​ស្ថានភាព​របស់​លោកស្រី​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ ​រហូត​លោក​ស្រី​គិត​ខ្លី​បញ្ចប់​ជីវិត​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​កក្កដា​ កន្លង​ទៅ​។​ ​

គ្រួសារ​បាន​បញ្ជូន​លោក​ស្រី​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ តែ​អាការៈ​លោក​ស្រី​ស្ថិត​ក្នុង​ស្ថានភាព​បាត់​ស្មារតី​ ​(Coma)​ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​គ្រូពេទ្យ​អស់​លទ្ធភាព​អាច​រក្សា​ជីវិត​លោក​ស្រី​បាន​ត​ទៅ​ទៀត​ហើយ​។​ ​CoCo Lee​ គឺ​ជា​តារា​មួយ​ដួង​ដែល​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​ ដោយ​លោក​ស្រី​បាន​បោះជំហាន​ចូល​សិល្បៈ​ដំបូង​កាល​ពី​អាយុ​២៩​ឆ្នាំ​ ហើយ​ដោយ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ ​ព្រម​​ទាំង​ការ​ប្ដេជ្ញា​និង​លះបង់​ខ្ពស់​ក្នុង​វិស័យ​មួយ​នេះ​ តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​ជាមួយ​នឹង​បទ​ចម្រៀង​របស់​ខ្លួន​។​ CoCo Lee​ បាន​ព្យាយាម​ពេញ​ទំហឹង​មិន​ខ្លាច​នឿយ​ហត់​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ ផ្សព្វផ្សាយ​វិស័យ​តន្ត្រី​ចិន​នៅ​លើ​ឆាក​អន្តរជាតិ​។​

លោក​ស្រី​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​មោទកភាព​ចំពោះ​ជោគជ័យ​របស់​លោក​ស្រី​ ហើយ​ជោគជ័យ​អស់​ទាំង​នោះ​គឺ​បាន​មក​ពី​ការ​គាំទ្រ​របស់​ហ្វេន​ៗ​ដែល​និយម​ចូលចិត្ត​ចម្រៀង​របស់​លោក​ស្រី​។​ នៅ​ក្នុង​លិខិត​ដែល​ប្រកាស​ដោយ​បណ្ដាញ​សារព័ត៌មាន​ក្រុម​គ្រួសារ​តារា​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ក្រុម​គ្រួសារ​មាន​កិត្តិយស​ជា​ពន់ពេក​ដែល​មាន​បងប្អូន​ស្រី​ដែល​ពូកែ​និង​មាន​ការ​លះបង់​ខ្ពស់​ដូច​ជា​ Coco Lee​។​

ក្រុម​គ្រួសារ​ដួង​វិញ្ញាណ​ Coco Lee ​ពេល​នេះ​បាន​ទៅ​កាន់​សុគតិភព​ហើយ​ ពេល​នេះ​គាត់​លែង​ឈឺចាប់​ដោយ​សារ​ជំងឺ​បាក់ទឹក​ចិត្ត​ទៀត​ហើយ​។​ ក្រុម​គ្រួសារ​ជឿ​ថា​ពេលនេះ​លោក​ស្រី​កំពុង​នៅ​ជាមួយ​ទេវតា​ ​ហើយ​ទេវតា​ ​ហើយ​បង​ស្រី​​ទាំង​ពីរ​បាន​ប្ដេជ្ញា​ មើល​ថែ​ទាំ​ម្ដាយ​ចាស់​ជរា​របស់​ពួកគេ​ឲ្យ​បាន​ល្អ​ជំនួស​ CoCo Lee ​ផង​ដែរ​។​ គ្រួសារ​របស់​លោក​ស្រី​សូម​ឲ្យ​អ្នក​គាំទ្រ​ចូលរួម​លើក​ទឹក​ខ្លួន​ក្នុង​ដំណាក់​កាល​កាន់​មរណទុក្ខ​លើក​នេះ​ផង​ដែរ​​។ ​

សូម​ជំរាប​ពី​ប្រវត្តិ​របស់​លោកស្រី​ Coco Lee​ ដោយ​សង្ខេប​ដូច​ត​ទៅ​៖ ​CoCo Lee ​មាន​ឈ្មោះ​ដើម​កំណើត​ Ferren Lee​ កើត​នៅ​ថ្ងៃ​ទី​17 ​ខែ​មករា​ ​ឆ្នាំ​1975​ នា​ទី​ក្រុង​ហុងកុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ លោក​ស្រី​គឺ​ជា​កូនស្រី​ពៅ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​ស្រី​៣​នាក់​។ ​ឪពុក​លោកស្រី​ជា​កូន​កាត់​ចិន​-​ឥណ្ឌូនេស៊ី​ ចំណែក​ឯ​ម្ដាយ​ជា​ជនជាតិ​ចិន​ហុងកុង​។​ ​ជា​អកុសល​លោកស្រី​មិន​បាន​ជួប​មុខ​ឪពុក​ឡើយ​ ដោយសារ​តែ​ឪពុក​បាន​ស្លាប់​ចោល​តាំង​ពី​លោកស្រី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។​ ​

លោក​ស្រី​ ​និង​ បង​ស្រី​ទាំងពីរ​បាន​ធំធាត់​ក្រោម​ការ​ចិញ្ចឹម​បី​បាច់​ដោយ​ម្ដាយ​មេម៉ាយ​។ ​ឈាន​ចូល​អាយុ​បាន​៩​ឆ្នាំ​គ្រួសារ​លោកស្រី​បាន​ផ្លាស់​លំនៅ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ក្រុង​ ​សាន់ហ្វាន់ស៊ីស្កូ ​ហើយ​លោក​ស្រី​បាន​ចម្រើន​លូតលាស់​និង​ធំ​ពេញ​វ័យ​​នៅ​ទីនោះ។ ​លោក​ស្រី​បាន​ចូល​សិក្សា​នៅ​បឋមសិក្សា​ Presidio ​និង​វិទ្យាល័យ​ Raoul Wallenberg​។​ ក្រោយ​​បញ្ចប់​ថ្នាក់​វិទ្យាល័យ​លោក​ស្រី​ទទួល​បាន​ឱកាស​កុងត្រា​ថត​ចម្រៀង​នៅ​ហុងកុង​ ដូច្នេះ​លោក​ស្រី​បាន​សម្រេច​ចិត្ត​ ​ឈោង​ចាប់​ក្ដី​ស្រមៃ​ប្រឡូក​ក្នុង​វិស័យ​តន្ត្រី។​អាល់ប៊ុម​ចម្រៀង​ដំបូង​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ជើង​ថា​ ​«Just No​ ​Other​ ​Way​»​ បាន​ចេញ​លក់​កាល​ពី​ឆ្នាំ​១៩៩៩​។​

លោក​ស្រី​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ​នៅពេល​លោក​ស្រី​ឡើង​ច្រៀង​និង​សម្ដែង​បទ​ «A Love Before Time» បទ​ចម្រៀង​ដកស្រង់​ពី​ភាពយន្ត​ខ្នាត​ធំ​ «Crouching Tiger, Hidden Dragon»ដោយ​បទ​ចម្រៀង​នេះ​មាន​ឈ្មោះ​ចូលរួម​ប្រជែង​ពាន​រង្វាន់​ក្នុង​ផ្នែក​ «Best Original Song»​ នា​ឱកាស​នោះ​។ ក្រៅ​ពី​នេះ​ផលិតកម្ម​ Walt Disney បាន​ជួល​ឱ្យ​លោក​ស្រី​ច្រៀង​និង​បញ្ចូល​សំឡេង​ឱ្យ​តួ​ឯក​ស្រី​ក្នុង​ភាពយន្ត​ Fa Mulan ជា​ភាសា​ចិន​ផង​ដែរ​។ Coco Lee ថែម​ទាំង​ធ្លាប់​បាន​ច្រៀង​និង​សម្ដែង​ក្នុង​ការ​ប្រគំ​តន្ត្រី​ដើម្បី​មនុស្ស​ធម៌​ ​«Michael Jackson and Friends»។​

និយាយ​ពី​ជីវិត​អាពាហ៍ពិពាហ៍​ លោក​ស្រី​​បាន​រៀបការ​ជាមួយ​នឹង​ស្វាមី​​លោក​ Bruce Rockowitz ​ជា​អ្នក​ជំនួញ​​កូន​កាត់​​កាណាដា​-ជ្វីស្ត និង​​ជា​អតីត​ CEO ក្រុមហ៊ុន Li & Fung កាល​ពី​ឆ្នាំ​២០១១។ ពិធី​អាពាហ៍​ពិពាហ៍​​ដ៏​​ឱឡារិក​និង​អធិកអធម​របស់​អ្នក​ទាំង​ពីរ​​បាន​រៀបចំឡើង​នៅ​​ក្នុង​ក្រុង​ហុង​កុង​ ដោយ​ក្នុង​ឱកាស​នោះ​លោក​ស្រី​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណង​ជើង​ថា​ «I Just Wanna Marry You» ឬ «ខ្ញុំ​ចង់​រៀបការ​តែ​ជាមួយ​បង»​ដើម្បី​អបអរ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ នៅ​ឆ្នាំ​២០១៦​ លោក​ស្រី​បាន​ទម្លាយ​ថា​លោក​ស្រី​មាន​កូន​ស្រី​ចុង​២​នាក់​ដែល​ជា​កូន​បន្សល់​ពី​ស្វាមី​និង​អតីត​ភរិយា​​។​ ងាក​មក​ទ្រព្យ​សម្បត្តិ​វិញ​លោក​ស្រី​ Coco Lee ​មាន​ទ្រព្យ​សម្បត្តិ​​សរុប​​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក​៕

សូមទស្សនាវីដេអូនេះ ៖

ប្រភព៖ dimsumdaily

Share.