អាជ្ញាធរស្រុកពាមរក៍ បានសំរេចបិទផ្សារអ្នកលឿងទាំងមូលជាបណ្តោះអាសន្ន ដោយសារតែនៅក្នុងតំបន់នេះ មានការឆ្លងរាលដាលជំងឺកូវីដ១៩ច្រើន គួរឲ្យបារម្ភ។

ប្រភពពីរដ្ឋបាលស្រុកពាមរក៍ ខេត្តព្រៃវែងបានឲ្យដឹងថា ការបិទផ្សារអ្នកលឿងនេះ មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៧កក្តដា រហូតដល់ថ្ងៃទី៣១កក្តដា ។

ក្រោយពីអាជ្ញាធរបិទផ្សារអ្នកលឿង គេឃើញក្រុមអាជីវករមួយចំនួន ពិសេសអ្នកលក់បន្លែត្រីសាច់ បាននាំគ្នាលើកគ្រែមកដាក់លក់នៅតាមផ្ទះរៀងៗខ្លួនវិញ និងខ្លះទៀត បាននាំគ្នាទៅលក់នៅលើចិញ្ចើមថ្នល់ តាមបណ្តោយផ្លូវជាតិលេខ១១ ខាងមុខសាលាឃុំព្រែកខ្សាយ(ក) ហើយក៏មានអ្នកស្រុក តាមទៅទិញចំណីអាហារទាំងនោះយកទៅបរិភោគ ជាធម្មតាផងដែរ ។

គិតត្រឹមល្ងាចថ្ងៃទី១៧កក្តដា ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣០២២នាក់ ក្នុងនោះព្យាបាលជាសះស្បើយបានចំនួន ១៦៦៥នាក់ កំពុងសំរាកព្យាបាលចំនួន ១៣១២នាក់ និងស្លាប់ចំនួន ៤៥នាក់៕

Share.