ក្រុម​បាល់ទាត់​វិសាខា បន្ត​ពាក្យ​ថា​«ឈ្នះ»ជាប់ៗគ្នា​ ហើយ​ក្រុម​សូលទីឡូអង្គរ នៅ​​តែ​ចាញ់​ជាប់ៗគ្នា ខណៈ​ក្រុម​បឹងកេត និង​ព្រះខ័នរាជស្វាយរៀង ក៏​រក​បាន​៣ពិន្ទុ​ដូចគ្នា​ដែរ​ក្នុង​ប្រកួត​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១៨ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ចំពោះ​ក្រុម​វិសាខា បាន​យក​ឈ្នះ​សូលទីឡូអង្គរ ដោយ​លទ្ធផល ៥ទល់០ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ របស់​ខ្លួន ហើយ​កីឡាករ​ Ajayi Opeyemi Korede រក​បាន​គ្រាប់​បាល់​ម្នាក់​ឯង​៣គ្រាប់ និង​ប្រធាន​ក្រុម កែវ សុខផេង រក​បាន​២គ្រាប់​ម្នាក់​ឯង។ គិត​ត្រឹម៨​​ប្រកួត​​មក​នេះ វិសាខា ឈ្នះ​បាន​៥លើក ស្មើ​៣លើក មិន​ទាន់​ចាញ់​នៅ​ឡើយ ហើយ​សូលទីឡូអង្គរ ប្រកួត​៨លើក​ចាញ់​ទាំង​៨លើក នៅ​បាត​តារាង។

ចំណែក​ក្រុម​បឹងកេត វិញ​បាន​យក​ឈ្នះ​លើ​ក្រុម​មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ (ទ័ព) ដោយ​លទ្ធផល​២ទល់០ លើ​ទីលាន​កីឡដ្ឋាន​ខេមបូឌាអ៊ែវេ។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត រក​បាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់​ម្នាក់​ឯង។

ដោយ​ឡែក​ប្រកួត​អ្នក​ជាប់​របង​គ្នា​ឯ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា គឺ​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​ព្រៃវែង បាន​ចាញ់​ក្រុម​ព្រះខ័នរាជស្វាយរៀង ដោយ​លទ្ធផល ២ទល់១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ព្រៃវែង។ កីឡាករ​ជនជាតិ​កាម៉េរ៉ូន Privat និង​កីឡាករ Robert Lopez Mendy រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ភ្ញៀវ​ស្វាយរៀង ម្នាក់​១គ្រាប់ ខណៈ​កីឡាករ អះម៉ាត់ ស៊ូរីម ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ខេត្ត​ព្រៃវែង។

សម្រាប់​គូ​ចុងក្រោយ​នៅ​ថ្ងៃ​នេះ គឺ​ក្រុម​ភ្នំពេញក្រោន បើក​ទ្វា​កីឡដ្ឋាន​​ស្មាត អរ អេស អិន របស់​ខ្លួន​ទទួល​ក្រុម​អគ្គីសនីកម្ពុជា នៅ​វេលា​ម៉ោង​៦ល្ងាច​តទៅ ព្រម​ទាំង​ផ្សាយផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផង​ដែរ៕

Telegram-Troryorng
Share.