សិល្បៈ​ជាតិ​៖ ចំណង​មិត្ត​ភាព​ស្អិតល្មួត​រវាង​លោក សេង មង្គល និង​​អ្នក​ជំនួញ​អនឡាញ និង​ម្ចាស់​ហាង​ពេជ្រ​ល្បី​ឈ្មោះ​ ទ្រី ដាណា បាន​ចាប់​ផ្ដើម​ឡើង​ក្រោយ​ពេល​ដែល​លោក សេង មង្គល​ ទទួល​បាន​ឱកាស​ធ្វើ​ជា​ BA ឱ្យ​ក្រុមហ៊ុន​ ដាណា ទ្រី កាល​ពី​មួយ​ឆ្នាំ​មុន​។ ចំណែក​ឯទំនាក់ទំនង​ផ្អែមល្ហែម​រវាង​អ្នក​ទាំង​ពីរនេះ គេ​​មើល​ឃើញ​ថា​កាន់​តែ​មាន​ភាព​ច្បាស់លាស់ឡើង​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

គេនៅ​ចាំ​បាន​ថា ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២២ ពោល​គឺ​ក្នុង​អំឡុង​ខែកក្កដា លោក សេង មង្គល​ តារា​សម្ដែង​រូប​សង្ហា​មាន​​សាច់​ដុំ​៦​កង់​ហាប់ណែន​ ក្ដាប់​​បាន​តំណែង​ជា​​ BA ផលិតផល​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ ដាណា ទ្រី គឺវីតាមីនជំនួយស្បែកសរ Colla C Q10​។ ​​យីអ៊ុន​លោក​ សេង មង្គល​ប្រហែល​ជា​ស៊ី​គ្នា​នឹង​ខែ​កក្កដា ព្រោះ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៩ ខែ​ កក្កដា ឆ្នាំ​២០២៣ តារា​សម្ដែង​​រូប​សង្ហាក្ដាប់​បាន​តំណែង​ជា​ ​ BA ផលិតផល​ថ្មី​សន្លាង​មួយ​ទៀត​ស្ថិត​ក្នុង​ក្រុមហ៊ុន​របស់ ​ជំទាវ​ឧកញ៉ា​ ទ្រី ដាណា​ ដដែលនោះ​គឺ​ឡេលាប​ស្បែក​ឱ្យ​ស​ស្អាត​ JOJOBA Whitening។ តើ​មាន​ចំណុច​សំខាន់​ត្រង់ណា​ ទើប​ធ្វើ​ឱ្យ​បុរស​សង្ហា​រូប​នេះ​ អាច​រក្សា​កៅអី BA របស់​ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន​ ដាណា ទ្រី? តើ​ការ​ជ្រើសរើស​នេះ​ កើត​ចេញ​ពី​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ឬ​​មួយ​យ៉ាង​ណា? ខណៈ​ដែល​ម្ចាស់​ប្រេន បាន​របូត​មាត់​​ទម្លាយការពិត​ថា​ អ្នក​ទាំង​ពីរ​មាន​រឿង​មិន​យល់​ចិត្ត​គ្នា​រហូត​ដល់​ថ្នាក់​លែង​​និយាយ​គ្នា​ថែម​ទៀត​ផង​។

ទោះ​ជា​បង្ហាញ​ភាព​ស្និតស្នាល​គ្នាកាន់​តែ​ខ្លាំង​រហូត​ លោក ​ សេង មង្គល ​បាន​បណ្ដើរ​គ្នា​ត្រសង​ជាមួយ​នឹង​ លោក​ជំទាវ​ ទ្រី ដាណា មក​ចូលរួមដើរ​លើ​កំរាល​ព្រំ​ក្រហម​​ក្នុង​កម្មវិធី​ ព្រម​ទាំង​ថ្លែងសាសង​គ្នា​យ៉ាង​ស្និតស្នាល​នៅ​លើ​ឆាក​ ក្នុង​បរិយាកាស​ពណ៌​ស៊ីជម្ពូ​ ដោយ​ក្នុង​ពេល​នោះ​ ​សេង មង្គល ​​ហ៊ានទាំង​​ប្រឡេះឡេវអាវ និងចាប់​​ដៃ​ខាង​ស្រី​យក​​ទៅ​លូកស្ទាប​ទ្រូង​ខាងឆ្វេង​របស់​ខ្លួន​ ដើម្បី​បញ្ជាក់​ថា​លោក​ពិត​ជា​ភ័យ​ខ្លាំង​ ក្រោយ​ប្រាប់​​ថា​ខ្លួន​កំពុង​តែ​ភ័យ​ ដែល​សកម្មភាពស្និតស្នាល​ប៉ះសាច់​គ្នា​​បែប​នេះ ​ពិបាក​នឹង​បាន​ឃើញ​ណាស់​នា​ពេល​កន្លង​មក​។ ចំណុច​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​នោះ​ស្រែក​ហោរ​កង​រំពង​គឺ​នៅពេល​ដែល​សុខ​ៗ​ស្រាប់​តែ​​សំឡេង​ច្រៀង​របស់​ លោក សេង មង្គល​ ​នៅ​ក្នុង​បទ​ «ឆ្កួត​ចិត្ត​ព្រោះ​ស្រលាញ់​អូន» ​បាន​បន្លឺ​ឡើង​ជាមួយ​នឹង​​បារ៉ូល​ចម្រៀង​ហាក់​ប្រកាស​ពី​ឋានៈ​របស់​អ្នក​ទាំង​ពីរ​ព្រោះ​មាន​អត្ថន័យ​ថា​៖ «​នៅក្នុង​ពេល​នេះ​ខ្ញុំ​សូម​ប្រកាស​នាង​គឺជា​សង្សារ​ ​ ហើយ​ក៏​មិនឱ្យ​អ្នក​ណា​ប៉ះពាល់ជីវ៉ា ក្រៅពីខ្ញុំ​បាន​ទេ រឿង​នេះ​ខ្ញុំ​មិន​មែន​លលេង ហើយ​ក៏មិន​មែន​ឈុត​សម្ដែង​ គឺ​ខ្ញុំ​ហួង​ហែងខ្លាច​គេ​ប្រជែង អន្ទង​លួង​លោម ដណ្ដើម​យក​ស្ងួន​ពី​ដៃ​ មិន​អាច​ឱ្យ​ថ្លៃ​ឱ្យ​ដៃ​ទៅគេ​កាន់…»

ចំណែកជំទាវ​ឧកញ៉ា ទ្រី ដាណា វិញបាន​លើក​ឡើង​ថា អ្នក​នាង ពិត​ជា​មិន​ធ្លាប់​លេង​ចាប់​ដៃ ឬ​ប៉ះ​សាច់​គ្នា​ស្និទ្ធ​បែប​នេះ​​ទេ​ ពីមុន​មក​បើ​មាន​ឈុត​ត្រូវ​ថើប​គ្នា​នៅ​ក្នុង​ការ​ថត​ ក៏អ្នក​នាង​ឱ្យ​កាត់​ចេញ​ដែរ​​ ហើយ​នេះ​គឺជា​លើក​ទីមួយ​ដែល​អ្នក​ទាំង​ពីរ​ស្និតស្នាល​ខ្លាំង​បែប​នេះ​។ ក្រៅ​ពីពាក្យ​ពេចន៍​និង​សកម្មភាព​ស្និតស្នាល​រវាង​អ្នក​ទាំង​ពីរ​ហើយ​នោះ​ ​​អ្នក​នាង​​ បាន​ធ្វើ​ឲ្យ​​ភ្ញៀវ​កិត្តិយស​ស្ទើ​តែ​ហើប​គូទ​ពី​កៅអី​​ នៅពេល​អ្នក​នាង​ថ្លែង​ថា​​៖ “សូម​ប្រកាស​​ថា រវាង​ខ្ញុំ និងលោក សេង ​មង្គល ពី​ពេល​នេះ​ទៅ…”។

យ៉ាង​ណា​មិញ​​អ្វី​ដែល​អ្នក​នាង​ប្រកាសឱ្យ​តំណាង​ចែកចាយ​និង​ភ្ញៀវ​កិត្តិយស​រាប់​រយ​នាក់​បាន​ដឹង​ឮ​នាឱកាស​នោះ​គឺលោក​​ សេង​ មង្គល ​ជា​ថ្មី​ម្ដង​ទៀត​​ត្រូវ​​បាន​ជ្រើសរើស​ជា BA ​​ផលិតផល​ថែ​រក្សា​សម្រស់់​ប្រភេទ​ឡេលាប​ខ្លួន​ថ្មី​ គឺ JOJOBA Whitening។

រហូត​មក​ដល់​ពេល​នេះ​ទោះ​ជា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​​​ត្រូវ​បាន​មហាជន​មើល​ឃើញ​កាន់​តែ​ច្បាស់​លាស់ ហើយ​ពាក្យ​ថា​សម​គ្នា​ណាស់​ តែងតែ​ឮ​ចេញ​ពី​បបូរ​មាត់​មនុស្ស​ជុំវិញ​ខ្លួន​ ប៉ុន្តែ​សាមី​ខ្លួន​ទាំង​ពីរ​នៅ​តែ​មាត់​រឹង​ ​មិន​មាន​អ្នកណា​ព្រម​​​ហា​មាត់​​​​ទម្លាយ​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ថា​ឈាន​ដល់​ចំណុច​ណា​នោះ​ឡើយ​ ដូច្នេះ​អ្នក​តាម​ដានសាច់​រឿងអ្នក​ទាំង​ពីរ​​មាន​តែត្រូវ​​តាមដាន​ភាគបន្ត​​ តើ​ការ​ពិត​គឺ​បែបណា? តើ​រវាង​អ្នក​ទាំង​ពីរ​គ្រាន់​តែ​ចូល​តួ​សម្ដែង​ក្នុង​សាច់​រឿង​ ឬ​ក៏​ចូល​តួ​ទាំង​ក្នុង​ជីវិត​ពិត​​ទៀត​​?

Share.