ឆ្លងកាត់ការប្រកួតអស់រយ:ពេលជិតមួយខែ នៃពានរង្វាន់ KCC Pre-Season Cup 2023 ពេលនេះបានរកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុម​បាល់​ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើក្រុមម្ចាស់​ផ្ទះ អាយ អេស អាយ ដង្កោ​​ សែនជ័យ ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្រោមក្រសែភ្នែកអ្នកគាំទ្រ ២,៥២២នាក់។

ខាងក្រោមនេះគឺជាទិន្នន័យទាំង១០ចំណុច ជុំវិញពានរង្វាន់ KCC Pre-Season Cup 2023 ក្រោយ​រក​ឃើញម្ចាស់​ជើងឯក៖

១. ក្រុមរកគ្រាប់បាល់ច្រើនជាងគេ

ក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោ​​ សែនជ័យ គឺជាក្រុមដែលរកគ្រាប់បាល់ បានច្រើនជាងគេ ចំនួន១៤គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប ចំនួន ៣៤គ្រាប់។

២. ក្រុមដែលទទួលជ័យជម្នះច្រើនជាងគេ

ឆ្លងកាត់ការប្រកួតសរុបចំនួន ២៤ប្រកួត ក្រុមណាហ្គាវើល៍ គឺជាក្រុមដែលឈ្នះការប្រកួតច្រើនជាងគេសរុប ៤ប្រកួត ទាំងការប្រកួតសន្សំពិន្ទុ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

៣. អ្នកចាំទីដែលរក្សាសំណាញ់ទីច្រើនជាងគេ

កីឡាករ ពេជ្រ ដារ៉ា របស់ក្លិបបាល់ទាត់ Tiffy Army FC, សាំង ហាន់ឃុន របស់ព្រៃវែង, ឆេង ចាន់ថា របស់ អាយ អេស អាយ ដង្កោ​​ សែនជ័យ, និង គឹម ចាន់វាសនា របស់ព្រៃវែង គឺជាអ្នកចាំ​ទីដែល​រក្សា​សំណាញ់​ បានចំនួន ១លើកដូចគ្នា។

៤. អ្នកគាំទ្រ

ជំនួបរវាងណាហ្គាវើលដ៍ ប៉ះ ISI ដង្កោសែនជ័យ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន AIA Stadium, KMH Park កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេប្រចាំពានរង្វាន់ KCC Pre-Season Cup 2023 សរុប ២,៥២២នាក់។

៥. កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ

កីឡាករ ២រូប ដែលរកគ្រាប់បាល់បានច្រើនជាងគេ នោះគឺ De Oliveira Marques marcio របស់ណាហ្គេវើលដ៍ និង Coulibaly Abdel Kader របស់ អាយ អេស អាយ ដង្កោ​​ សែនជ័យ រកអាចរកគ្រាប់បាល់បាន ៥គ្រាប់ដូចគ្នា។

៦. កីឡាករស៊ុត Hat-Trick

កីឡាករ ហាវ សុខនេត្រ របស់ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោ​​ សែនជ័យ គឺជាអ្នករកគ្រាប់​បាល់ បាន៣គ្រាប់ ក្នុងការបង្ហាញខ្លួនទល់និងក្រុមបាលទាត់ Life FC ។

៧. ក្រុមដែលទទួលកាតពិន័យច្រើនជាងគេ

ក្នុងចំណោមកាតសរុបចំនួន ៤៥សន្លឹក ចេញពីហោបៅ របស់លោកអាជ្ញាកណ្តាលទាំង ៦រូប ក្នុងនោះក្រុមបាល់ទាត់ណាហ្គាវើលដ៍ ដែលជាម្ចាស់ជើងឯក គឺជាក្រុមដែលទទួលបានកាតច្រើនជាងគេសរុបចំនួន ១៣សន្លឹក។

៨. កីឡាករ ៣រូបទទួលពិន័យកាតច្រើនជាងគេ

៩. អាជ្ញាកណ្តាលចាយកាតច្រើនជាងគេ

ក្នុងចំណោមកាតសរុបចំនួន ៤៥សន្លឹក ក្នុងចំណោមការកាត់ក្តីពីសំណាក់លោកអាជ្ញាកណ្តាល ៦រូបផ្សេងគ្នា ឃើញថា លោក ហោ ប៊ុនថង គឺជាអាជ្ញាកណ្តាលចាយកាតច្រើនជាងគេ រហូតដល់ ១៣សន្លឹក ក្នុងចំណោមការកាត់ក្តី ២ប្រកួត។​

១០. ណាហ្គាវើលដ៍ឈ្នះពាន៣ ក្រោយឈ្នះជើងឯក

ពានពានឯកត្តជន នៃពានរង្វាន់ KCC Pre-Season Cup 2023 មានដូចជា៖
-លោក ឃឹម បូរី ឈ្នះពានរង្វាន់ គ្រូបង្វឹកល្អជាងគេប្រចាំព្រឹត្តិការណ៍
-កីឡាករ ស៊ូ យ៉ាទី ឈ្នះពានរង្វាន់ អ្នកចាំទីល្អជាងគេប្រចាំព្រឹត្តិការណ៍
-កីឡាករ De Oliveira Marques Marcio ឈ្នះងារជាកីឡាករទាត់ចូលទីច្រើនជាងគេ
-ISI ដង្កោសែនជ័យ ជាប់ជាក្រុម FAIR PLAY ប្រចាំពានរង្វាន់ KCC Pre-Season Cup 2023
-កីឡាករ Coulibaly Abdel Kader ត្រូវបានជ្រើសរើសក្លាយជា កីឡាករល្អបំផុតប្រចាំពានរង្វាន់ KCC Pre-Season Cup 2023៕

គួរឱ្យដឹងថា ការពានរង្វាន់ KCC Pre-Season Cup 2023 បានចាប់ផ្តើមការ​ប្រកួតនៅ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ និងបានបិទបញ្ចប់នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ មាន ៦ក្រុមចូលរួម​ប្រកួត បែងចែកជា ២ពូល ដោយក្នុង១ពូលមាន ៣ក្រុម ដោយពានរង្វាន់រៀបចំធ្វើឡើងក្នុង​គោលបំណង ដើម្បីត្រៀមខ្លួនមុនពានរង្វាន់ផ្លូវការមកដល់ Cambodian Premier League  រដូវកាល​ឆ្នាំ​២០២៣-២៤ ។

Share.