កូនកាត់ខ្មែរ-អាមេរិក Davy Armstrong គឺជាកីឡាករបាល់ទាត់ដំបូងគេដែលធ្លាប់លេងនៅលីគកំពូលរបស់សហរដ្ឋអាមេរិក Major League Soccer ឲ្យក្រុមបាល់ទាត់ Colorado Rapids ចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤។

Davy Armstrong បាន​កើត​នៅរដ្ឋ Colorado សហរដ្ឋអាមេរិក បច្ចុប្បន្នមានវ័យ៣១ឆ្នាំ និងកម្ពស់១.៨០ម៉ែត្រ លេងតំណែងជាខ្សែបម្រើការពារ ដោយ​មាន​ឪពុក​ជាជនជាតិខ្មែរ និងម្តាយជាជនជាតិអាមេរិក ហើយបាន​ចាប់​ផ្តើម​ចូល​លេង​បាល់​ទាត់ដំបូងនៅថ្នាលយុវ​ជន​របស់​ក្លិប Colorado Rapids ចាប់​ពី​ឆ្នាំ​២០០៧-២០១០។

លុះដល់ឆ្នាំ ២០១០ Davy Armstrong បាន​ក្លាយ​ជា​កីឡាករ​ខ្មែរដំបូងគេ​ដែល​បាន​អភិវឌ្ឍ​ខ្លួន​ចូល​ទៅ​លេង​ក្នុង​ឈុត​ធំ​ របស់ក្រុម Colorado Rapids នៃ​ក្រប​ខណ្ឌ​កំពូល Major League Soccer របស់​អាមេរិក។ ព្រមទាំងជួយឲ្យក្រុមឈ្នះពាន​រង្វាន់ Eastern Conference Championship និង MLS Cup ជាដើម។

នៅដើមឆ្នាំ ២០១១ Davy Armstrong ក៏ធ្លាប់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំណត់ថាជាកីឡាករខ្មែរកូនកាត់ ដែលអាចចូលរួមក្រុមជម្រើសជាតិកម្ពុជា ព្រោះគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាពិសេសមានឪពុកជាជនជាតិខ្មែរស្រាប់។

ប៉ុន្តែគ្រប់យ៉ាងត្រូវបានប្តូរផ្លាស់ដោយសារ Davy Armstrong រងរបួសដាច់សរសៃជង្គង់ ACL ធ្វើឲ្យអាជីពជាកីឡាករបាល់ទាត់របស់គេ ត្រូវជួបរឿងស្មុគស្មាញម្តងហើយម្តងទៀត រហូតសម្រេចចូលនិវត្តន៍ពីបាល់ទាត់ទាំងនៅក្មេងក្នុងឆ្នាំ ២០១៧ នៅវ័យ២៦ឆ្នាំប៉ុណ្ណោះ។

នៅឆ្នាំ ២០២០ Davy Armstrong បានចាប់ផ្តើមអាជីពជាអ្នកពន្លត់អគ្គីភ័យនៅរដ្ឋ Colorado សហរដ្ឋអាមេរិក និងបានរៀបការជាលោកស្រី Nikki Arm Strong កាលពីឆ្នាំ ២០២២ កន្លងទៅ៕

Share.