សិល្បៈ​អន្តរជាតិ​៖ យោងតាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​ Anupam Tripathy តារា​សម្ដែង​ជនជាតិ​ឥណ្ឌា​ដែល​ធ្លាប់​សម្ដែង​ជា​តួ​អង្គ​ Ali Abdul នៅ​ក្នុង​ភាពយន្ត​ភាគ​ដ៏​ល្បី​ Squid Game បាន​បង្ហាញ​វត្ត​មាន​សម្ដែង​ជា​តារា​កិត្តិយស​នៅ​ក្នុង​រឿង​ «King The Land» ដោយ​ដើរ​តួ​អង្គ​ជា​ព្រះ​អង្គ​ម្ចាស់​ Samir ​ភ្ញៀវ​លំដាប់​ (VIP Guest) របស់​សណ្ឋាគារ​នៅ​ក្នុង​ភាគ​ទី​៧ និង​ទី៨​ នៃ​សាច់​រឿង​។

​​យ៉ាង​ណា​មិញ​រឿង​ហេតុ​ចម្រូង​ចម្រាសបាន​កើត​ឡើង​ដោយ​សារ​តែ​តួ​អង្គ​នេះ​ត្រូវ​បាន​តួអង្គ​ដែល​ Jun Ho សម្ដែង​ហៅ​ថា​ជា​​ព្រាន​នារី​ ហើយ​តួ​អង្គ​នេះ​បាន​ចូល​មក​ចែចង់​តួអង្គ​ YoonA ផង​ដែរ ខណៈ​ដែល​គេ​បាន​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​។

ក្រោយ​សាច់​រឿង​ទាំង​ពីរ​ភាគ​ខាង​លើ​ត្រូវ​បាន​ចាក់​បញ្ចាំង​ អ្នក​ទស្សនា​នៅ​បរទេស​ជា​ពិសេស​អ្នក​ទស្សនា​ជនជាតិ​អារ៉ាប់​ មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ ចំពោះ​តួអង្គ​ Samir ដោយ​គេ​យល់​ឃើញ​ថា​សាច់រឿង​នេះ​ធ្វើ​ចេញ​មក​ដោយ​គ្មាន​ការ​គោរព​ចំពោះ​វប្បធម៌​អារ៉ាប់​ ដោយ​មតិ​រិះគន់​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​អ្វី​ដែល​ Samir បាន​សម្ដែង​នៅ​ក្នុង​រឿង​នេះ​ ដូច​ជា​ការ​ទៅ​ដើរ​លេង​នៅ​ក្លឹប​កម្សាន្ត​នា​ពេល​យប់​ គឺជា​អ្វី​ដែល​ជនជាតិ​អារ៉ាប់​មិន​ប្រព្រឹត្តិ​នោះ​ឡើយ​។

ក្រោយ​មាន​មតិរិះគន់​យ៉ាង​ច្រើន​ដូច្នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ស្ថានីយ​ទូរទស្សន៍​ JTBC បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​នឹង​ករណី​នេះ​យ៉ាង​ដូច្នេះ​ថា​​៖ «តួអង្គ​និង​ឈ្មោះ​ទីកន្លែង​ទាំង​អស់​នៅ​ក្នុង​សាច់​រឿង​សុទ្ធ​តែ​ជា​ឈ្មោះ​ដែល​អ្នក​និពន្ធ​បង្កើត​ឡើង ចំណែក​តួ​អង្គ​ Samir ដែល​សម្ដែង​ជា​ព្រះអង្គ​ម្ចាស់​នោះ​ក៏​មិន​បាន​បញ្ជាក់​ថា​ជា​ព្រះអង្គ​ម្ចាស់​ប្រទេស​ណា​នោះ​ឡើយ​»៕




 

Share.