ក្លិបបាល់ទាត់ Young Elephant សមាជិកលីគកំពូលឡាវ បានប្រកាសចែកផ្លូវជាមួយខ្សែបម្រើ Bounphachan Bounkong ព្រមទាំងបានបញ្ជាក់ថារូបគេនឹងផ្លាស់មកកាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

សម្រាប់​កីឡាករ Bounpthachan Bounkong បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាន​ចំនួន ១៣លើក ក្នុង​រដូវកាល​ឆ្នាំ​២០២៣ ឲ្យក្លិបបាល់ទាត់ Young Elephant ក្នុង​លីគ​កំពូល​ឡាវ ដោយ​ជួយ​ក្រុម​ឈ្នះ​បាន ១១លើក និង​រក​គ្រាប់​បាល់​បាន ១៦គ្រាប់។ កីឡាករ​វ័យ​​២២​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិឡាវ ​តាំង​ពី​ឆ្នាំ​២០១៨ មកម្ល៉េះ ព្រម​ទាំង​បាន​គ្រាប់​បាល់​៤គ្រាប់​ផង​ដែរ។

បើតាម​​ប្រភព​មក​ពី​មន្រ្តី​​១រូប​របស់​សហព័ន្ធកីឡា​បាល់​ទាត់​ឡាវ បាន​​ប្រាប់​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង ​ថា​កីឡាករ​ជម្រើស​ជាតិ​ឡាវ ​Bounpthachan Bounkong កំពុង​តាម​ប្រមាញ់​ពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដើម្បីបំពេញកីឡាករកូតាអាស៊ាន។

យោង​តាម​កំណែទម្រង់ថ្មីរបស់ ក្រុមហ៊ុន Cambodian Premier League ដើម្បី​ជំរុញ​ការ​ប្រកួត​ឲ្យ​កាន់តែទាក់ទាញ បានអនុញ្ញាតឲ្យក្លិបនីមួយៗ ប្រើប្រាស់កីឡាករបរទេសរហូតដល់ ៦នាក់ ដោយក្នុង​ចំណោម​ ៦នាក់ នោះ​ដាច់​ខាត​ត្រូវ​មាន​​១នាក់​​ជា​កីឡាករ​ក្នុង​ទ្វីបអាស៊ី និង​​ម្នាក់​ទៀត​ជា​ពលរដ្ឋ​​ក្នុង​តំបន់​អាស៊ាន៕

Share.