បុរស​វ័យ​៣០ឆ្នាំ​ជនជាតិ​អ៊ូបេគីស្ថាន ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​​ទៅ​លើ​នារី​ម្នាក់ នៅ​ក្នុង​កីឡដ្ឋាន​​​ជាតិ របស់​ជប៉ុន ដែល​ជា​ទី​កន្លែង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Tokyo Olympic Games 2020 ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ។

សារព័ត៌មាន​រដ្ឋ​ជប៉ុន Kyodo រាយការណ៍​ថា​ករណី​រំលោភ​នេះ​ត្រូវ​បាន​រក​ឃើញ​​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែ​កក្កដា កាល​ពី​ពេល​ថ្មីៗ ក្នុង​​សកម្មភាព​​​ទស្សនា​ការ​ហាត់​សម​នៃ​ពិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​គ្រោង​ធ្វើ​​ផ្លូវការ​នៅ​ថ្ងៃ​ទី២៣​ខែ​កក្កដា ឆ្នាំ​២០២១។ ដោយ​ឡែក​​សារព័ត៌មាន NHK របស់​ជប៉ុន មួយ​ទៀត​បាន​បញ្ជាក់​ថា​បុរស សង្ស័យ​រូប​នោះ​ បាន​បដិសេធ​ពី​ការ​ចោទ​ប្រកាន់​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖អត្តពលិក​កម្ពុជា ចេញ​ទៅ​ប្រកួត​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន មុន​ពិធី​បើក​៣ថ្ងៃ

បើ​តាម​ការ​ស្រង់​សម្តី​របស់​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​បញ្ជាក់​ថា​បុរស​ជាប់​ចោទ​ខាង​លើ​មិន​មាន​ពាក់ព័ន្ធ​នឹង​ភាគី​គណៈកម្មការ ឬ ក្រុមហ៊ុន​ដៃ​គូ​ពាក់ព័ន្ធ​​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នោះ​ទេ តែ​គេ​​ជា​​បុគ្គលិក​​ធ្វើការ​​ ម៉ៅការ​ខាង​សេវាកម្ម ​បម្រើ​ការ​ដល់​ការ​រៀបចំ​ការ​ប្រកួត​នា​ពេល​ខាងមុខ។ «ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​​កើត​មាន​ឧបទ្ទវហេតុ​បែប​នេះ​ឡើង​ ព្រោះ​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់ទំនុង​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​ទាំង​មូល»។ តំណាង​គណៈកម្មការ​ប្រកួត​លើក​ឡើង។

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី មក​ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​ង​១ម៉ឺន​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ តាម​ពិត​ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

អត្ថបទពាក់ព័ន្ធ៖ប្រធាន​សហព័ន្ធ​ខ្មែរ​​កីឡា​ហែលទឹក​ផ្តល់​ថវិកា​និង​សម្ភារៈ​ ​ដល់​​អត្តពលិក​ត្រៀម​ទៅ​អូឡាំពិក​នៅ​ជប៉ុន

Telegram-Troryorng
Share.