គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ពានរង្វាន់​​​ជើង​ឯក​​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង 2021 CONCACAF Gold Cup បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ​មុន​គេ​ហើយ ដោយ​ក្នុង​នោះ​មាន​ក្រុម​ជម្រើស​ជាតិ អែលសាល់វាឌ័រ អាមេរិក ម៉ិចស៊ីកូ កាណាដា។


ក្រុម​ខ្លាំង​តាម​ពូល​មាន៖
ពូល A៖ លេខ១ ម៉ិចស៊ីកូ លេខ២ អែលសាល់វាឌ័រ
ពូល B៖ លេខ១ អាមេរិក លេខ២ កាណាដា

ដោយ​ឡែក​គូ​ប្រកួត​បិទ​ពូល C និង​ D នៅ​ព្រឹក​ថ្ងៃ​ពុធ សប្ដាហ៍​​នេះ​មាន៖
​-Suriname ប៉ះ​ Guadeloupe ​ម៉ោង ៦ព្រឹក នៅ​កីឡដ្ឋាន BBVA Stadium, Houston
-កូស្តារីកា ប៉ះ ចាម៉ៃកា ម៉ោង​៦ព្រឹក នៅ​កីឡដ្ឋានExploria Stadium, Orlando
-ប៉ាណាម៉ា ប៉ះ ហ្រ្គីណាដា ម៉ោង​៨ព្រឹក​​នៅ​កីឡដ្ឋាន Exploria Stadium, Orlando
-ហុងឌុយរ៉ាស់ ប៉ះ កាតារ ម៉ោង​៨ព្រឹក​​នៅ​កីឡដ្ឋានBBVA Stadium, Houston

ពានរង្វាន់ 2021 CONCACAF Gold Cup រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​​១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២១ នៅ​​​១០​កីឡដ្ឋាន ក្នុង​ចំណោម​៩ទីក្រុង​​របស់​​សហរដ្ឋអាមេរិក ដោយ​មាន​ក្រុម​ចំនួន​១៦​ចូលរួម បែងចែក​ជា​៤ពូល។ ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ CONCACAF Gold Cup ជា​ការ​ប្រកួត​ជើង​ឯក​​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង (បន្ថែម​តំបន់​អាមេរិកកណ្ដាល និង​​តំបន់​ការ៉ាប៊ីន) ហើយ​រៀបចំ​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈក្រុម​​ជម្រើស​ជាតិ​ម៉ិចស៊ីកូ ជា​អ្នក​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​លើក​ឯណោះ៕

Telegram-Troryorng
Share.