ពានរង្វាន់ AFC Cup 2021 នៅ​តំបន់​អាស៊ីខាងត្បូង នឹង​រៀបចំ​​ប្រកួត​នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ ខណៈ​តំបន់​អាស៊ីខាងកើត អាស៊ីកណ្ដាល និង​អាស៊ីខាងលិច សុទ្ធ​តែ​បាន​​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​រួចរាល់​ហើយ។ ចំណែក​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី សម្រេច​លុប​ចោល​ដោយ​សារ​មិន​អាច​រក​ទីកន្លែង​ប្រកួត​បាន​ព្រោះ​មាន​ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ខ្លាំង។

ចំពោះ​ការ​ប្រកួត​នៅ​អាស៊ីខាងត្បូង នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាល់ឌីវ ទាំង​ក្នុង​វគ្គ​ជម្រុះ និង​វគ្គ​ចែក​ពូល។ ចំពោះ​វគ្គ​ជម្រុះ​រវាង​ក្រុម Bengaluru ​របស់​ឥណ្ឌា និង​ក្រុម​ Eagles របស់​ម៉ាល់ឌីវ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ខែសីហា ខាង​មុខ។

​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​​មាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល​ D ជាមួយ​ក្រុម​ATK Mohun Bagan របស់​ឥណ្ឌា ក្រុម Bashundhara Kings របស់​បង់ក្លាដេស និង​ក្រុម Maziya របស់​ម៉ាល់ឌីវ ដែល​កំពុង​អង្គុយចាំ។ ប្រកួត​វគ្គ​ចែក​ពូល​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨ ,២១ និង​២៤ ខែ​សីហា ឆ្នាំ​២០២១។ ក្រុម​លេខ១​ក្នុង​ពូល​មាន​ឈ្មោះ តំណាង​តំបន់​ឡើង​ទៅ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងៗ​នៅ​៣តំបន់​ផ្សេង​ទៀត​ប្រចាំ​ទ្វីប។

Telegram-Troryorng
Share.