ក្លិបបាល់ទាត់បិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានសម្រេចដកតំណែងប្រធានពីខ្សែការពារ Harry Maguire កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខណ:ប្រធានក្រុមថ្មីនឹងប្រកាសឆាប់ៗនេះ។

Harry Maguire បានថ្លែងដូច្នេះថា៖«ក្រោយពិភាក្សាជាមួយគ្រូបង្វឹក(លោក Erik ten Hag), ខ្ញុំទទួលដំណឹងថា​ ក្រុមនឹងត្រូវប្ដូរប្រធានថ្មី (Captain) ជាមួយហេតុផលផ្សេងៗ ធើ្វឲ្យខ្ញុំពិតជាខកចិត្ដខ្លាំង​ ប៉ុន្តែខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាង​គ្រប់ពេលដែលខ្ញុំពាក់អាវមួយនេះ»។

Harry បន្តទៀតថា៖«ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រ Manchester United ជាពិសេសលោក Ole Gunnar Solskjær សម្រាប់ការគាំទ្រដ៏អស្ចារ្យរបស់ពួកគេ អំឡុងពេលខ្ញុំពាក់ស្លាកប្រធានក្រុមរយ:ពេល៣ឆ្នាំកន្លះមកនេះ វាគឺ​ជា​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​របស់ខ្ញុំ»។

គួរដឹងថានៅឆ្នាំ ២០១៩ ក្រុម Man United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjær បានចាយលុយរហូត ៨០លានផោន ដើម្បីទិញ Harry Maguire ពី Leicester City បំបែកកំណត់ត្រាខ្សែការពារថ្លៃជាងគេលើពិភពលោក។

អំឡុងវិស្សមកាលកីឡាករភាគច្រើនបានចំណាយពេលលំហែកាយនៅតាមមាត់សមុទ្រ ជាពិសេសនៅកោះ ជាមួយមិត្តភក្តិ​, មិត្តស្រី ឬក្រុមគ្រួសារ ខណ:ខ្សែការពារ Harry Maguire បានយកពេលវេលាទាំងនោះទៅហ្វឹកហាត់៣ដង ក្នុង១ថ្ងៃ រយ:ពេល៣សប្តាហ៍ចុងក្រោយនេះជាមួយ Ricardo Carvalho។

មូលហេតុចម្បងនោះគឺ Harry Maguire ចង់ប្រកួតប្រជែងយកជម្រើស១១នាក់ដំបូងនៅក្រុមបិសាចក្រហម Manchester United សម្រាប់រដូវកាលថ្មីនេះ ២០២៣-២៤ ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្រោយមិនសូវបានបង្ហាញខ្លួនកាលពីរដូវកាលមុន៕

Share.