ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានប្រកាសនាំចូលកីឡាករ Soe Moe Kyaw ជនជាតិមីយ៉ាន់ម៉ា សម្រាប់លីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២៤។

កីឡាករ Soe Moe Kyaw កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានអាយុ ២៤ឆ្នាំ កម្ពស់ ១.៨៦ម៉ែត្រ លេងតំណែងជាខ្សែការពារកណ្តាល ផ្លាស់ពី Kasetsart F.C លីគទី២ របស់ប្រទេសថៃ។

រូបគេជាកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា ចាប់ពីឈុតយុវជន U-17, U20 , U23 និងឈុតធំ ចន្លោះពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ននេះនៅឆ្នាំ ២០២៣។

ចំពោះកីឡាករ Soe Moe Kyaw គឺជាកីឡាករមីយ៉ាន់ម៉ាទី២ ផ្លាស់មកកាន់លីគកំពូលកម្ពុជា បន្ទាប់ពីកីឡាករ THIHA SAW របស់ព្រៃវែង។

ក្រុម​បាល់ទាត់​ភ្នំពេញក្រោន ដែល​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នឹង​តំណាង​ឱ្យ​កម្ពុជា ចូលរួម​ប្រកួត​ពានរង្វាន់​ជើង​ឯក​​កម្រិត​ទី២​​ប្រចាំ​ទ្វីប​អាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុង​កូតា​​វគ្គ​ជម្រុះ​បឋម។

វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka​។

ភ្នំពេញក្រោន នឹងត្រូវជួប វិសាខា ដណ្តើមពានរង្វាន់ខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៣ នៅអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៦:០០ ល្ងាច៕

Share.