លោក បែរ មករា អគ្គលេខាធិការ​ក្លិប​បាល់ទាត់បឹងកេត

លោក បែរ មករា អគ្គលេខាធិការ​ក្លិប​បាល់ទាត់បឹងកេត បាន​បង្ហោះសា​នៅ​លើក​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ថ្ងៃ​នេះ អំពី​ដំណឹងរបស់​ខ្សែរ​ប្រយុទ្ធ សៀង​ ចន្ធា ដែល​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស កាល​ពី​ពេល​ថ្មីៗ​នេះ។​​

លោក បែរ មករា បាន​សរសេរ​រៀប​រាប់​ថា៖ «ជាច្រើនរដូវកាលចុងក្រោយនេះ​ សៀង​ ចន្ធា​ ជា​កី​ឡាករ​សំខាន់បំផុតម្នាក់ក្នុងជម្រើស ១១នាក់​ដំបូង​របស់​បឹងកេតនៅ​ក្នុងការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​នានា ទាំង Cambodian Premier League និង​ពាន​រង្វាន់​សម្ដេច​អគ្គមហា​សេនា​បតីតេ​ជោ​ហ៊ុន​សែន។ ក្នុងបាល់ទាត់ ដេីម្បីឈ្នះការប្រកួត យេីងត្រូវទាត់ឱ្យចូលទីគេ ហើយ​ដើម្បី​ទាត់​ចូល​ទី​គេ​បាន យើង​ត្រូវការខ្សែប្រយុទ្ធល្អ។ ចន្ធា​ គឺជាម្នាក់ក្នុងចំណោមនោះ។ ប៉ុន្តែ​បឹងកេត​មិន​គិត​ប្រយោជន៍​របស់​ខ្លួន​ធំជាងប្រយោជន៍ជាតិនិងកីឡាករនោះទេ»។

លោកបាន រៀបរាប់​បន្ត​ថា៖ «តាំងពីដើមមក នៅពេលមានឱកាសល្អសម្រាប់កីឡាករមកដល់ បឹង​កេត​មិនដែលរារាំងឡើយ ផ្ទុយទៅវិញបឹងកេតមានតែលើកទឹកចិត្តថែម ជំរុញ​ថែម​ឱ្យ​កីឡាករ​របស់​ខ្លួន​បាន​ចេញទៅប្រកបអាជីពនៅក្រៅប្រទេស ទៅដល់លីគដែលល្បីជាង ខ្លាំងជាង ដើម្បី​លើក​ស្ទួយ​​មុខ​មាត់បាល់ទាត់កម្ពុជា ជ្រោងទង់ជាតិកម្ពុជាឱ្យបក់រវិចនៅលើឆាកអន្តរជាតិ ដើម្បីឱ្យអន្តរជាតិស្គាល់អំពីសក្ដានុពលកម្ពុជាកាន់តែច្រើនឡើង»។

លោកបាន​បន្ថែម​ថា៖ «ជាមួយ​គ្នានេះ បឹងកេត​ចង់ឱ្យ​កីឡាករ​បាល់​ទាត់​កម្ពុជា​ឡើង​កម្រិត​ស្តង់​ដា​កាន់​តែខ្ពស់ ក្លាយ​ជា​តួអង្គ​គំរូស​ម្រាប់យុវជនជំនាន់ក្រោយឱ្យមានក្ដីសុបិនធំនិងក្លាហាន​ ហ៊ានស្រមៃ​ និងអាច​បោះ​ជំហាន​វែង​បាន​ដល់ទីកាន់តែខ្ពស់នៅលីគក្រៅប្រទេសបានកាន់តែច្រើន។ កន្លងទៅ​ បឹង​កេត​បាន​ធ្វើវា​ជាមួយ​កីឡាករ​ ចាន់​ វឌ្ឍនាកា​ ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​លេង​នៅ​ជប៉ុន»។

អគ្គលេខាធិការរូប​នេះ​ក៏​បានបន្ថែម​ទតៀត​ថា៖«ឥឡូវនេះយើងធ្វើវាម្ដងទៀតជាមួយ​ សៀង​ ចន្ធា​ ឱ្យក្លាយ​ជាកីឡាករ​កម្ពុជា​ដំបូង​បង្អស់​ដែល​បាន​ទៅ​លេងនៅលីគក្នុងប្រទេសកាតារ​ ខណៈ​នៅ​រង់ចាំ​ការធ្វើ​តេស្ត​សុខភាព​មួយ​ដំណាក់​កាល​ទៀត។ នៅពេលតេស្តសុខភាពជោគជ័យ​ នៅទីនោះ​ ចន្ធា​ នឹងបានហាត់ជាមួយកីឡាករល្អៗ​ គ្រូបង្វឹកពូកែៗ​ លេងទល់នឹងក្រុមខ្លាំង​ៗ​ សម្រាប់​ជា​ជំហាន​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត​ដែល​អាច​ឱ្យ​គេ​ឡើង​កម្រិត​ទៅលេងនៅលីគកាន់តែខ្ពស់និងកាន់តែធំ»។

ជា​ចុង​ក្រោយ​លោក​បាន​លើក​ឡើង​ថា ប្រសិនអ្វីៗជោគជ័យ​ ខ្ញុំសង្ឃឹម​ថា​យុវជន​ទាំងឡាយ​ដែល​កំពុង​ហាត់​បាល់​ទាត់​នឹង​កាន់តែ​មានភាព​ក្លាហាន​ក្នុងការស្រមៃឱ្យធំ​ សំដៅឱ្យខ្ពស់​ ដែល​ជា​កម្លាំង​ចិត្ត​នៅក្នុង​ការប្រឹងប្រែងរបស់ពួកគេ​ និង​មាន​កីឡាករខ្មែរគំរូល្អកម្រិតខ្ពស់សម្រាប់ពួកគេខិតខំតាម។ សូមជូនពរឱ្យ​ ចន្ធា​ ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុងបេសកកម្មថ្មីនិងធំមួយនេះ។

គួរ​បញ្ជាក់ថា កាល​ពី​ល្ងាច​ថ្ងៃទី១៩ កក្កដា អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ប្រាប់​ពី​ពុំ​មាន​វត្តមាន​របស់​​ខ្សែ​ប្រយុទ្ធសៀង ចន្ធា ចូល​រួម​ជា​មួយ​ក្រុម​ក្នុង​ដំណើរ​ប្រកួត​ Pre-season នៅថៃ ព្រោះ​ត្រូវ​ត្រៀមចេញទៅលេងនៅលីគកាតារក្រោមកិច្ចសន្យាខ្ចីពីបឹងកេត។ ខណ: សៀង ចន្ធា នឹង ចេញដំណើរនៅថ្ងៃទី២២ កក្កដាដើម្បីឱ្យទាន់ដំណើរ Pre-season របស់​ក្លិប​ថ្មី​នៅ​កាតារ​ដែល​ត្រូវ​ចេញ​ទៅ Pre-Season នៅអឺរ៉ុប៕

Share.