កណ្តាល ៖ ជនសង្ស័យមួយក្រុមគ្នា៥នាក់ ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចហើយជិះរត់គេច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រកហរវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិ ស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្តាល សហការដេញតាមបង្ក្រាបចាប់ខ្លួនបានម្នាក់ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ ហើយបន្តតាមចាប់បាន៣នាក់ទៀត នៅក្នុងខណ្ឌដង្កោ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ខណៈដែលជនរងគ្រោះជិះម៉ូតូដឹកសាច់គោយកទៅឲ្យម៉ូយនៅផ្លូវជាតិលេខ១ ដោយធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ដល់ចំណុចភូមិភូមិ ស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រាប់តែជនសង្ស័យគ្នា៥នាក់ ជិះម៉ូតូហុងដាឌ្រីម២គ្រឿង ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។

ហេតុការណ៍ខាងលើកើតភ្លាមៗ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ក្រោមបញ្ជាពីលោកឧត្តសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល  លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេញតាមស្ទាក់ចាប់ខ្លួនបានម្នាក់នៅខណ្ឌមានជ័យ ហើយបន្តទៅតាមចាប់ខ្លួនបាន៣នាក់ទៀត នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ សរុបចាប់ខ្លួនបាន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ។

ជនសង្ស័យទាំង៤នាក់ ក្រោយចាប់ខ្លួនបាននាំទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយតាមនីតិវិធី និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន ៕

អត្ថបទ៖តាតុង សែនជ័យ និង តាខ្មៅ

Share.