សិល្បៈ​អន្តរជាតិ​៖ ប្រទេស​វៀតណាម​បាន​ដាក់​បម្រាម​មិន​ឱ្យ​បញ្ចាំង​ភាពយន្ត​ Barbie ដែល​មាន​បង្ហាញ​រូប​ភាព​ផែន​ទី​ដែល​អះអាង​ជា​ម្ចាស់​​សិទ្ធិ​ជា​​ឯកតោ​ភាគី​របស់​ចិន​នៅ​លើ​​​សមុទ្រ​​ចិន​ភាគ​ខាង​ត្បូង​​។

​ភាពយន្ត «Barbie» ​ដែល​រង​នូវ​ការ​ហាម​ឃាត់​​​​​​នេះ​បរិយាយ​ពី​តុក្កតា​ដ៏​ល្បី​ ហើយ​កំពុង​តែ​​មាន​ការ​ពេញ​និយម​​ខ្លាំង​ណាស់​និង​មាន​ការ​ជជែក​យ៉ាង​ច្រើន​​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា​កន្លង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា កន្លង​មក​។​

ថ្វី​ត្បិត​មិន​មាន​ការ​បញ្ជាក់​ថា​តើ​ឈុត​ឆាក​​ណាមួយ​ឱ្យ​ពិត​ប្រាកដ​​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​វៀតណាម​បាន​ហៅ​រូបភាព​នោះ​ថា​​ជា​រូប​ភាព​មិន​ល្អ​ដែល​ស្ដែង​ពី​​​បន្ទាត់​ក្រហម​​៩​​របស់​ចិន​។ ខ្សែ​បន្ទាត់​ទាំង​៩​ឆ្នូត​​របស់​ចិន​នេះ​គឺ​ប្រើប្រាស់​នៅ​លើ​ផែន​ទី​ឯកតោ​ភាគី​ដែល​ចិន​គូស​លើ​ផែន​ទី​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​​ដើម្បី​កំណត់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​។​

ទីក្រុង​ប៉េកាំង​បាន​កសាង​បន្ទាយ​ទាហាន​នៅ​លើ​កោះ​សិប្បនិម្មិត​ក្នុង​តំបន់​បរិវេណ​នោះ​ជា​ច្រើន​មក​ហើយ​ ហើយ​ថែម​ទាំង​ធ្វើ​ការ​ល្បាត​ដោយ​នាវា​នៅ​ទីនោះ​ដើម្បី​អាង​សិទ្ធិ​ជា​ម្ចាស់​របស់​ខ្លួន​នៅ​ទីនោះ​ផង​ដែរ​។​

កាល​ពី​ឆ្នាំ​២០១៦​ តុលាការ​អន្តរជាតិ​នៅទីក្រុង​ឡាអេ​បាន​ចេញ​ច្បាប់​ប្រឆាំង​នឹង​ការ​អះអាងសិទ្ធិ​របស់​ចិន​ចំពោះ​សមុទ្រ​ចិន​ខាង​កើត​នេះ​ ប៉ុន្តែ​ភាគី​ទីក្រុង​ប៉េកាំង​មិន​ព្រម​ទទួល​ស្គាល់​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ឡើយ​។ មែនទែន​​ទៅ​ភាពយន្ត​ «Barbie» របស់​ផលិតកម្ម​ Warner Bros មិនមែន​ជា​ផលិតកម្ម​ដំបូង​នោះ​ឡើយ​ដែល​ត្រូវ​បាន​ដាក់​បម្រាម​មិន​ឱ្យ​បញ្ចាំង​ដោយ​សារ​តែ​បញ្ហា​ចម្រូង​ចម្រាស់​ចំពោះ​​បន្ទាត់​ក្រហម​៩​ឆ្នូត​របស់​ចិន​នេះ ព្រោះ​កាល​ពី​ឆ្នាំ​២០១៩​ ភាពយន្ត​តុក្កតា​ Animation របស់​ DreamWorks ក៏​ជួប​និង​ទទួល​រង​វិបត្តិ​ដូច​គ្នា​នេះ​ដែរ ​។​ ​ដោយ​ឡែក​កាល​ពី​២​ឆ្នាំ​មុន​ភាពយន្ត​ស៊ើប​អង្កេត​បែប​​ភ្នាក់ងារ​សម្ងាត់​របស់​អូស្ត្រាលី​រឿង​ Pine Gap ក៏​ត្រូវ​បាន​បញ្ជា​ឱ្យ​ដក​ចេញ​ពី​ទីផ្សារ​ភាពយន្ត​លើ​ App Netflix ដែរ​ ​ដោយ​សារ​តែ​មាន​ការ​រិះគន់​មក​មន្ត្រី​រដ្ឋាភិបាល​។

​បញ្ហា​​ចម្រូងចម្រាស​ដ៏​ក្ដៅ​គគុក​រឿង​​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នេះ​មាន​ប្រទេស​​ចំនួន​ ​៦​ពាក់ព័ន្ធ​គ្នា​រួម​មាន​ ចិន​ វៀតណាម​ ហ្វីលីពីន កោះតៃវ៉ាន់​ ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ ដោយ​ប្រទេស​នីមួយ​អះអាង​រៀង​ខ្លួន​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​នៅ​ក្នុង​ដែនទឹក​នៃ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នេះ​៕

ប្រភព៖ BBC

Share.