កំពង់ឆ្នាំង ៖ មនុស្ស៣នាក់ ប្តីប្រពន្ធនិងកូនប្រុស ខណៈដែលវិលត្រឡប់មកពីរកចាប់គីង្គក់វិញ ជួបគ្រោះខ្យល់ បោកបក់ បណ្តាលឲ្យក្រឡាប់លិចកាណូតបាឡាស្មាច់ កណ្តាលទន្លេ លង់លិចស្លាប់បាត់២នាក់ប្តីប្រពន្ធ ចំណែកកូនប្រុស អាយុ១២ឆ្នាំបានហែលឡើងច្រាំងរួច កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយត្រូវបានសមត្ថកិច្ច អាជ្ញាធរ ស្វែងរកសពស្ត្រីជាប្រពន្ធឃើញនៅវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ហើយបន្តស្វែងរកសពបុរសជាប្តីឃើញ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ។

សព២នាក់ប្តីប្រពន្ធស្លាប់ក្នុងហេតុការណ៍ខាងលើ ឈ្មោះ រ៉េន រិទ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាប្តី ចំណែកប្រពន្ធឈ្មោះ អេង យីម អាយុ៤២ឆ្នាំ ។ ចំណែកកូនប្រុសនៅមានជីវិត មានឈ្មោះ ប៉ុន បញ្ញាស័ក អាយុ១២ឆ្នាំ ។ គ្រួសារជនរងគ្រោះមានទីលំនៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ជុំវិញករណីគ្រោះថ្នាក់ខាងលើ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋ ចេញទៅអន្តរាគមន៍ ស្វែងរកជនរងគ្រោះ លុះដល់វេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា រកឃើញសាកសពស្ត្រីជាប្រពន្ធ ហើយកម្លាំងបន្តស្វែងរក រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ទើបរកឃើញសាកសពបុរសជាប្តីម្នាក់ទៀត ពោលសាកសព២នាក់ប្តីប្រពន្ធក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ត្រូវបានរកឃើញអស់ហើយ ។ បច្ចុប្បន្ន សពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.