កណ្តាល ៖ បុរសជនជាតិចិនម្នាក់ ងើបចេញពីហាងផឹកសុី បើករថយន្តចាកចេញទៅរួចហើយបាញ់សម្លាប់ខ្លួនឯង នៅស្រុកស្អាងខេត្តកណ្តាល។ ដោយពលរដ្ឋឃើញរថយន្តឈប់យូរពេក រាយការណ៍ទៅសមត្ថកិច្ច ពិនិត្យមើលជាក់ស្តែង ទើបដឹងថាជនរងគ្រោះប្រើប្រាស់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង ស្លាប់ក្នុងរថយន្ត។ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចដីចំការរបស់ឈ្មោះហេង រ៉ាវី ក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះYEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាកំណីត២២ ខែមករា ឆ្នាំ២០០១ អាយុ២២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារត្រានីការ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ សមត្ថកិច្ចរកឃើញ អាវុធខ្លី១ដើមម៉ាក GLOGK17 ,សំបកគ្រាប់ចំនួន២ , គ្រាប់ចំនួន២គ្រាប់ ,បង់ចំនួន១ ,រថយន្ដម៉ាក MITSUBISHI ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BC-0536 ចំនួន០១គ្រឿង ។

យោងតាមការពិនិត្យស្រាវជ្រាវ ឃើញថា នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅផឹកស៊ីនៅហាងបេនស័រ តាមផ្លូវលេខ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រហូតដល់វេលាម៉ោងជិត៣ ទៀបភ្លឺ ជនរងគ្រោះបានចេញ ហើយវិលត្រឡប់មកសណ្ឋាគារត្រានីកាវិញ។ លុះរហូតដល់វេលាម៉ោង០៦និង០៧នាទីព្រឹកថ្ងៃដដែល ជនរងគ្រោះបានបើករថយន្តមួយគ្រឿងខាងលើចាកចេញទៅបាត់ រហូតដល់វេលាម៉ោង៧ព្រឹក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរថយន្តចតទុក ចោលយូរពេក រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងរថយន្ត ដោយសារបាញ់សម្លាប់ខ្លួន ។

សពជនរងគ្រោះក្រោយពីធ្វើការស្រាវជ្រាវ ពិនិត្យកោសល្យវិច័យរួច ឃើញថាស្លាប់ដោយធ្វើអត្តឃាត រួចសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ រងចាំប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ/តាខ្មៅ

Share.