វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2026 FIFA World Cup ដែល​មាន​អាមេរិក ម៉ិចស៊ីកូ និង​កាណាដា ជា​សហ​ម្ចាស់​ផ្ទះ បាន​ចាប់​ឆ្នោត​បែងចែក​គូ និង​ពូល​រួចរាល់​ហើយ នៅ​ក្នុង​ទ្វីប​អាស៊ី សម្រាប់​ជុំ​ទី១ និង​ជុំ​ទី២ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​បន្ត​ឡើង​ទៅ​ជុំ​ទី៣ ទី៤ និង​ទី​៥ មុន​កក់​សំបុត្រ​យន្តហោះ​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ។

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​កំណត់​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​៤៦ របស់​ខ្លួន​ប្រកួត​៥​ជុំ ពី​ថ្ងៃ​ទី​១២ តុលា ២០២៣ ដល់ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​រក​ក្រុម​ខ្លាំង​ចំនួន​​​​៨​ក្រុម​កន្លះ​តំណាង​ទ្វីប​ធ្វើ​ដំណើរ​ទៅ​ប្រកួត 2026 FIFA World Cup។

អត្ថបទពាក់ព័ន្ធ៖World Cup ឆ្នាំ២០២៦ នឹងកើនក្រុមចូលរួមពី៣២ ក្រុមទៅ ៤៨ក្រុម! ចុះទ្វីបអាស៊ីមានប៉ុន្មានកៅអី?

ក្នុង​ដែល​មាន​តារាង​ចំណាត់​ថ្នាក់ FIFA ទាប​ជាង​គេ​ចំនួន​២០ ត្រូវ​ចាប់​គូ​គ្នា​ប្រកួត​នៅ​ជុំ​ទី១ មុន​គេ​ដែល​ធ្វើ​ឡើង​២​ជើង​មាន​លក្ខណៈ​ប្តូរ​ទឹកដី​ទៅ​វិញ​ទៅមក (Home/Away) ដើម្បី​ស្វែង​រក​​អ្នក​ឈ្នះ​ទៅ​ចូលរួម​តាម​ពូល​ ក្នុង​ជុំ​ទី២ ដែល​ចាប់​ឆ្នោត​រួចរាល់​ជា​សម្រាប់។

ដោយ​ឡែក​ក្រុម​ដែល​ឈរ​លេខ១​និង​លេខ​២​តាម​ពូល​នីមួយៗ​នៅ​ជុំទី២ នឹង​បន្ត​ទៅ​ប្រកួត​ជុំទី៣ ដោយ​ក្រុម​ទាំង​១៨​នេះ ត្រូវ​បែងចែក​ជា​​៣ពូល​ទៀត ដើម្បី​ប្រកួត​សន្សំ​ពិន្ទុ​យក​ក្រុម​លេខ១​និង​លេខ​២ ទទួល​សិទ្ធិ​ស្វ័យប្រវត្តិ​ទៅ​ប្រកួត 2026 FIFA World Cup ខណៈ​ក្រុម​លេខ៣​និង​លេខ​៤ ត្រូវ​បន្ត​ទៅ​ប្រកួត​ជុំទី៤។

ជុំទី៤ នេះ​យក​ក្រុម​លេខ​៣​និង​លេខ៤​ទាំង​៣ពូល​មាន​៦​ក្រុម ចាប់​ឆ្នោត​បែងចែក​ជា​២ពូល ប្រកួត​គ្នា ស្វែងក​រក​អ្នក​​ឈរ​លេខ១​តាម​ពូល បន្ត​បាន​សំបុត្រ​ទៅ​ 2026 FIFA World Cup ជាមួយ​ក្រុម​ទាំង​៦មុន ក្នុង​ជុំទី៣។ ចំណែក​ក្រុម​លេខ២​ក្នុង​ពូល​ទាំង​២ ត្រូវ​បន្ត​សិទ្ធិ​ទៅ​ប្រកួត​ជុំទី៥។

ព័ត៌មានពី FIFA World Cup សូម​ចុចអានទីនេះ…

ជុំទី៥​នេះ​យក​ក្រុម​លេខ២ ទាំង​២ពូល​នៅ​ជុំទី៤ ប្រកួត​គ្នា​ចំនួន​២ជើង (Home/Away) រក​អ្នក​ឈ្នះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ប្រកួត​ជាមួយ​ក្រុម​ណាមួយ​មក​ពី​ទ្វីប​ផ្សេង រក​អ្នក​ឈ្នះ​បន្ត​ឱកាស​ទៅ 2026 FIFA World Cup៕

Share.