ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប YG-30 ក្រុមទី១០ តាមរយៈរុក្កែត ប្រភេទ 2C នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ស៊ីជាំង ប្រទេសចិន កាលពីថ្ងៃទី ១៩ កក្កដា វេលាម៉ោង ៨ និង ១៩នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង។ 

ប្រភពព័ត៌មានពី CCTV បានឲ្យដឹងថា ការបង្ហោះផ្កាយរណប តាមរយៈរ៉ុក្កែត គឺស្តិទៅតាមគន្លងតារាវិថី តាមការគ្រោងទុក ពោលគឺទទួលបានជោគជ័យ ដោយគាប់ប្រសើរ៕ 

កាលពីពេលថ្មីៗនេះដែរ ចិនបានបាញ់បង្ហោះយានអវកាស Shenzhou-12 ប្រកបដោយជោគជ័យ ដែលដឹកមនុស្សចំនួន៣នាក់ ទៅកាន់ស្ថានីយ៍អវកាសជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំមក។ នេះជាបេសកកម្មដ៏វែងបំផុតរបស់ក្រុមអវកាសយានិកចិននៅក្នុង ចក្រវាល។

យានអវកាស Shenzhou-12 បានចូលទៅកាន់គន្លង ដែលបានកំណត់បន្ទាប់ពីបំបែកចេញពីរ៉ុក្កែតបាន៥៧៣វិនាទី។ ប៉ុន្មានម៉ោងបន្ទាប់នោះ អវកាសយានិកចិនទាំង៣នាក់ បានទៅកាន់បន្ទប់ស្នូល Tianhe ដើម្បីចាប់ផ្ដើមបេសកកម្ម កសាងស្ថានីយអវកាសដើមដំបូងរបស់ប្រទេសនេះ ដោយមានឈ្មោះថា Tiangong៕

អត្ថបទ៖ ហ៊ីម កំផែ

Share.