ត្បូងឃ្មុំ៖ កម្លាំងអាវុធហត្ថស្រុកមេមត់ សហការជាមួយកម្លាំងស្រាវជ្រាវព័ត៌មានអាវុធហត្ថលើផ្ទៃប្រទេសខេត្តក្រចេះ បានដេញតាមឃាត់រថយន្ដសាំយ៉ុងដឹកឈើគ្មានលិខិតអនុញ្ញាត២គ្រឿង ​ហើយរថយន្តព្យាយាមបើករត់​ស្រាប់តែទៅបុកម៉ូតូមួយគ្រឿង​ទៅមុខលេងរួច កាលពីវេលាម៉ោង១១ នឹង ៥០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្សារស្ទឹង ឃុំកោងកាងស្រុកពញាក្រែក។

តាមសមត្ថកិច្ចឲ្យដឹងថា ការដេញតាមឃាត់ចាប់រថយន្តដឹកឈើទាំ២គ្រឿងនេះ គឺបន្ទាប់ពីមានព័ត៌មានមកថា មានរថយន្តដឹកបទល្មើសចំនួនពីរគ្រឿង ម៉ាក់សាំយ៉ុងពាក់ស្លាកលេខភ្នំពេញ 2AH 0281 និងមួយគ្រឿងទៀត ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2AB 3847 បានឆ្លងកាត់នៅចំណុចរង្វង់មូលស្រុកស្នួល ខេត្តក្រចេះ ស្របពេលនោះដែលកម្លាំងកំពុងតែចុះល្បាតនៅម្ដុំនោះផងដែរក៏បានចុះទប់ស្កាត់ភ្លាមៗ ប៉ុន្តែរថយន្តទាំងពីរគ្រឿងមិនព្រមឈប់ ហើយបានព្យាយាមបើករត់គេច មិនតែប៉ុណ្ណោះរថយន្តដឹកឈើនោះបានបុករថយន្តរបស់សមត្ថកិច្ចបណ្ដាលឲ្យខូចខាតមួយកំណត់មុខ រួចបន្តបើករត់ចូលមកទឹកដីស្រុកមេមត់តែម្តង។

ខណៈនោះលោក ឈន សំអាត បានដេញតាមរហូត ហើយបានសហការជាមួយកម្លាំងស្រាវជ្រាវព័ត៌មានអាវុធហត្ថលើផ្ទៃប្រទេសប្រចាំខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីជំនាញរដ្ឋបាលព្រៃឈើ និងកម្លាំងអាវុធហត្ថស្រុកមេមត់ដេញតាមឃាត់រថយន្តទាំងពីរបានមួយគ្រឿង ចណែកមួយគ្រឿងទៀត បានព្យាយាមបើកគេច ក៏ជ្រុលទៅបុកម៉ូតូ២នាក់ប្តីប្រពន្ធបណ្តាលៀ្យរងរបួសស្រាល។ចំណែករថយន្តបែកកង់ទៅមុខលេងរួច។

ក្រោយបង្ក្រាបរថយន្ដទាំងពីរគ្រឿង សមត្ថកិច្ចត្រួតពិនិត្យឃើញក្នុងរថយន្តមានផ្ទុកឈើអារប្រភេទកូនក្រឡឹងជិតពេញរថយន្តទាំងពីរតែម្តង។ បច្ចុប្បន្ន រថយន្ដនិងឈើក្រឡឹង រួមនឹងអ្នកបើកបរបាននាំទៅផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទ៖ កំពង់ធំ

Share.