មន្ត្រីឆ្លើយតបគ្រោះមហន្តរាយបាននិយាយថា យ៉ាងហោចណាស់កម្មករ ១៧នាក់ត្រូវបានសង្កត់ស្លាប់នៅភាគខាងលិចប្រទេសឥណ្ឌា នាថ្ងៃទី១ ខែសីហានេះ នៅពេលដែលដងស្ទូចបានធ្លាក់ពីលើផ្លូវល្បឿនលឿនដែលកំពុងសាងសង់នៅខាងក្រៅរដ្ឋធានីបុមបៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

មន្រ្តីឆ្លើយតបគ្រោះមហន្តរាយជាតិ (NRDF) របស់ប្រទេសឥណ្ឌា បាននិយាយថា ដងស្ទូចបានក្រឡាប់ទៅលើផ្ទាំងបេតុងធំៗនៅពេលយប់ ហើយសង្កត់លើកម្មករធ្វើការនៅលើផ្លូវ Samruddhi Expressway ក្នុងរដ្ឋ Maharashtra។

NRDF បាន​និយាយ​ថា សាកសព​ចំនួន ១៧នាក់​ត្រូវ​បាន​រក​ឃើញ ហើយ​អ្នក​របួស ៣នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាលនៅមន្ទីរពេទ្យ។

ទន្ទឹមនោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលគ្រោងនឹងសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Maharashtra នៅថ្ងៃអង្គារ បាននិយាយថា លោក «ឈឺចាប់ ដោយសារការស្លាប់របស់កម្មករ ហើយលោកបានបញ្ជាឲ្យផ្តល់សំណងដល់គ្រួសារកម្មករដែលស្លាប់ និងរបួស»។

ផ្លូវល្បឿនលឿន Samruddhi ដែលតភ្ជាប់ទីក្រុងបុមបៃ ជាមួយទីក្រុង Nagpur គឺជាផ្នែកមួយនៃការជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដ៏ធំទូលាយមួយនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់ពិភពលោក។

សូមជម្រាបថា គ្រោះ​ថ្នាក់​លើ​ការដ្ឋាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ​គឺ​កើត​មាន​ជា​ទូទៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ក្នុងឆ្នាំ២០១៦ ការដួលរលំនៃស្ពានអាកាសនៅលើផ្លូវដ៏មមាញឹកក្នុងទីក្រុង Kolkata បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់ ហើយកាលពីខែតុលាឆ្នាំមុន មនុស្ស ១៣០នាក់បានស្លាប់នៅក្នុងរដ្ឋ Gujarat នៅពេលដែលស្ពានមួយបានដួលរលំភ្លាមៗ បន្ទាប់ពីវាកំពុងជួសជុល៕

ប្រភព៖ CNA

Share.