កំពត ៖ សាកសពនារីម្នាក់ដែលបាត់ខ្លួនតាមកម្លាំងខ្សែទឹកហូរបុកប៉ើង នៅជ្រោះឱម៉ាល់ ភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក កម្លាំងសមត្ថកិច្ច ដឹកនាំលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត អន្តរាគមន៍ស្វែងរាវ រក អស់រយៈពេល៤ថ្ងៃ ទីបំផុតកម្លាំងបានរកឃើគសាកសពឃើញហើយ នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ។

សពនារីរងគ្រោះមានឈ្មោះ ផន ស្រីខួច អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានបាត់ខ្លួន បន្ទាប់ពីនាំគ្នាទៅសម្រាកលំហែរកាយ នៅចំណុចខាងលើ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំង នៅផ្នែកខាងលើ ធ្វើឲ្យទឹកហូរបុកប៉ើង ស្លាប់នារី២នាក់ របួសបុរស២នាក់ រកឃើញសពនារីម្នាក់ឈ្មោះ កែវ ស្រីរ័ត្ន អាយុ១៩ឆ្នាំ ចំណែកនារី ឈ្មោះ ផន ស្រីខួច បានបាត់ខ្លួនតាមទឹក ។ រីឯបុរស២នាក់រងរបួស ឈ្មោះ សុង ទីមធន អាយុ២៣ឆ្នាំ និងឈ្មោះ សីហា ភេទប្រុស អាយុ២២ឆ្នាំ ។ ជនរងគ្រោះទាំង៤នាក់មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។

ចំណាត់ការក្នុងការសង្គ្រោះ និងស្វែងរកពីសំណាក់កម្លាំងសមត្ថកិច្ច តាំងពីព្រឹក
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អស់រយៈពេល៤ថ្ងៃ ទើបនៅរសៀលថ្ងៃនេះ បានរកឃើញសពជនរងគ្រោះម្នាក់ទៀតហើយ ចម្ងាយពីកន្លែងកើតហេតុ២០០ម៉ែត្រ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ។ សពនារីរងគ្រោះក្រោយពីរកឃើញ សមត្ថកិច្ចចាត់ចែងរៀបចំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សង្គម

Share.