ក្រុមជម្រើសជាតិនារីជប៉ុន និងអូស្ត្រាលី គឺ​ជា​ក្រុម​តែ ២​មក​ពី​តំបន់​អាស៊ីដែល​បាន​ឡើង​មក​កាន់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣។ ខណ: ក្រុមក្រុមជម្រើសជាតិនារីចិន និង​កូរ៉េខាងត្បូង បាន​ធ្លាក់​ចេញត្រឹម​វគ្គជម្រុះ​ក្នុង​ពូល។​

ដោយឡែក ២ក្រុម​មក​ពី​តំបន់​អាស៊ាន មាន​ក្រុមជម្រើសជាតិហ្វីលីពីន និងវៀតណាម បាន​ធ្លាក់​ចេញ​ពីការ​ប្រកួតជម្រុះក្នុងពូល FIFA Women World Cup 2023។ ហ្វីលីពីន ធ្លាក់​ចេញ​ក្រោយ​បរាជ័យ​ក្រោមថ្វីជើងន័រវេស ក្នុងលទ្ធផល ៦-០ ដោយឈរលេខរៀងទី៤ ​ឆ្លងកាត់៣ប្រកួត ឈ្នះ១ និង​ចាញ់២ មាន៣ពិន្ទុ។ ដោយ​វៀតណាម ចាញ់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងលទ្ធល ២-០ ឈរ​លេខ៤ ពូល E ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត មានសូន្យពិន្ទុ។

ក្រុម​ទាំង ១៦​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ក្រុម​មានដូច​ជា៖ ប្រទេស​ស្វីស, អេស្ប៉ាញ, ជប៉ុន, ន័រវេស, ហូឡង់, អា​ព្រិច​ខាងត្បូង, ស៊ុយអែត, សហរដ្ឋអាមេរិក, អង់គ្លេស, នីហ្សេរីយ៉ា,អូស្ត្រាលី, ដាណឺម៉ាក, កូឡុំប៊ី, ហ្សាម៉ាអ៊ីក, បារាំង និងម៉ារ៉ុក។ ការ​ប្រកួត នឹង​ចាប់​ផ្ដើម​​នៅ​ថ្ងៃទី០៥ ខែសីហា ដោយ ​ស្វីស ត្រូវ​ជួប​ជា​មួយអេស្ប៉ាញ និង ជប៉ុន ត្រូវ​ជួបជា​មួយ ន័រវេស។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដែល​ប្រទេស​អូស្ត្រាលី និងនូវែលសេឡង់ ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ ដោយមាន ៣២ក្រុមចូលរួម បែង​ចែក​ជា ៨ពូល នៅលើ១០ទីលាន ក្នុងចំណោម៩ទីក្រុងផ្សេងគ្នា។ ពាន​រង្វាន់នេះ បាន​ចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី២០ ខែសីហា។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៩១ មាន​អាយុកាល៣២ ខណ:សហរដ្ឋអាមេរិក ឈ្នះពាននេះច្រើនជាងគេសរុប ៤លើក រីឯ​អាល្លឺម៉ង់ ២លើក, ន័រវេស និងជប៉ុនជាក្រុម​មក​ពី​តំបន់​អាស៊ីតែមួយគត់​បាន​ឈ្នះ​ពាន​នេះ​បាន​ ១លើក នៅ​ឆ្នាំ២០១១ ខណ:ចិន ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្របាន​ម្ដង​នៅ​ឆ្នាំ១៩៩៩ បានត្រឹមលេខ ២ក្រោយ​ចាញ់​សហរដ្ឋអាមេរិក ដោយ​បាន​ប៉េណាំងទី (៥-៤) ក្រោយប្រកួតស្មើគ្នា ០ទល់នឹង០៕

Share.