សិល្បៈ​ជាតិ​៖ ​កាន់តែ​ខិត​ជិត​ថ្ងៃ​បញ្ចាំង​ជា​ផ្លូវការ​ហើយ​សម្រាប់​ភាពយន្ត​ភាគ​ ​«​តាម​ចាប់​ស្នេហ៍​»​ រឿង​ភាគ​ដំបូង​ដែល​លោក​ជំទាវ​ឧកញ៉ា​ ​ទ្រី​ ​ដាណា​ ​ចូល​រួម​សម្ដែង​ជា​តួ​ឯក​ស្រី​រួម​ជាមួយ​តារា​អាជីព​ជា​ច្រើន​ដួង​ទៀត​។ ​នៅ​ក្នុង​ថ្ងៃ​សន្និសីទ​សម្ពោធ​ប្រកាស​ថ្ងៃ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​លោក​ជំទាវ​ឧកញ៉ា ​ទ្រី ដាណា​ បាន​ធ្លោយ​សារភាព​ដោយ​ឥត​លាក់លៀម​ថា​អ្នកនាង​ ​ប៊ិះ​នឹង​អស់​ខ្យល់​ដង្ហើម​ ​ព្រោះ​ត្រូវ​ ​លោក សេង មង្គល​ ចាប់​ថើប​ជញ្ជក់​មាត់​នៅ​ក្នុង​ឈុតឆាក​ស៊ីអារម្មណ៍​​មួយ​។​

សូម​អាន​៖ ទ្រី ដាណា របូត​មាត់​រឿង​អន់​ចិត្ត​​គ្នា​ជាមួយ​​ សេង មង្គល ប៉ុន្តែ​​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​បច្ចុប្បន្ន​មើល​ឃើញ​​កាន់​តែ​ច្បាស់លាស់​ឡើង​!

យ៉ាង​ណា​មិញ​ទោះ​ជា​តួឯក​ស្រី​អ្នក​គ្រូ​ ​នួន ​អះអាង​ថា​គ្មាន​ ឈុត​ឆាក​ផ្អែមៗ​ជា​ចំណី​ចក្ខុ​សម្រាប់​អ្នក​គាំទ្រ​ ​ប៉ុន្តែ​លោក​​ ​ចាងហ្វាង​ផលិត​ និង​អ្នក​ដឹក​នាំ​បាន​អះអាង​ថា​ ​ប្រាកដ​ជា​មាន​ ​ស្នាដៃ​នេះ​ ​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខក​បំណង​ឡើយ​ ដែល​ចម្លើយ​នេះ​ ​បាន​ធ្វើ​ឲ្យ​តួឯក​ស្រី​រាង​អៀន​ ​ព្រម​ទាំង​លើក​ឡើង​ថា​អ្នកនាង​ ក៏​ភ្ញាក់ផ្អើល​ដែរ​នៅ​ពេល​បាន​ដឹង​។​

​ងាក​មក​លោក​ ​សេង មង្គល​ ​ឯណោះ​​វិញ​ ​ថ្វី​ត្បិត​មាន​បទពិសោធន៍​ជោគជាំ​ ក្នុង​ការ​សម្ដែង​ជា​ច្រើន​ឆ្នាំ​ហើយ​ធ្លាប់​បាន​សម្ដែង​ជា​តួ​ឯក​ស្ទើរ​គ្រប់​ទម្រង់​ ​តែ​នេះ​គឺជា​​រឿង​ដំបូង​ដែល​លោក​បាន​ដើរ​តួ​អង្គ​ជា​ប៉ូលិស​សោះ​។​ ​បុរស​សង្ហា​រូប​នេះ​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ខ្លួន​មាន​​អារម្មណ៍​ពេញចិត្ត​ជា​ខ្លាំង​ចំពោះ​តួឯក​ស្រី​ ព្រម​ទាំង​សរសើរ​ថា​ ​មាន​ទេពកោសល្យ ​និង​ដុងសិល្បៈ​ ​ជា​អ្នក​សម្ដែង​អាជីព​មិន​ដូរ​ ដែល​ធ្វើ​ឲ្យ​ការ​ថត​ដំណើរការ​បាន​យ៉ាង​រលូន​ល្អ​។​ ដោយឡែក​ចំពោះ​ឈុត​ឆាក​ថើប​គ្នា​នោះ​លោក​​បាន​បកស្រាយ​​ថា​លោក​មិន​មាន​ការ​​កេងបន្លំ​ ឬ​កេង​ចំណេញ​លើ​ដៃ​គូ​នោះ​ឡើយ។​

​ឈាន​មក​ដល់​ពេល​នេះ​ ទំនាក់ទំនង​រវាង​លោក សេង មង្គល និង​ឧកញ៉ា ទ្រី ដាណា ​កាន់​តែ​លេច​ចេញ​ជា​រូបរាង​ហើយ ទោះ​ជា​អ្នក​ទាំង​ពីរ​ នៅ​តែ​បន្ត​មាត់​រឹង និង​បិទមាត់​យ៉ាង​ជិត​មិន​ព្រម​​ទទួល​ស្គាល់​​ថា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​មួយ​ក្ដី​ ប៉ុន្តែ​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ទាំង​ពីរ​នៅ​ខាង​ក្រៅ ​សង្កេត​ឃើញ​ថា​ កាន់​តែ​ច្បាស់​លាស់​ឡើង​ រហូត​លោក​ សេង មង្គល ​បាន​​អះអាង​ថា​ខ្លួន​កំពុង​រៀន​ធ្វើ​ជំនួញ​តាម​តួ​ឯក​ស្រី​របស់​ខ្លួន​គឺ​អ្នក​នាង​ ទ្រី​ ដាណា​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​មាន​មតិ​ខ្លះ​យល់​ឃើញ​ថា​ លោក​ សេង មង្គល អាច​នឹង​មិន​ត្រឹម​តែ​ជា​ដៃគូ​សម្ដែង​ តែ​កំពុង​ត្រៀម​ខ្លួន​ជា​ដៃ​គូ​ក្នុង​មុខ​ជំនួញ ឬ​អាច​ជា​ដៃ​គូបេះដូង​ផង​ក៏​បាន​។

សូម​ជំរាបជូន​ថា​ រឿង​ភាគ​ ​«​តាម​ចាប់​ស្នេហ៍​»​ ​របស់​ផលិត​កម្ម​ MKF នឹង​មាន​ចាក់បញ្ចាំង​ជូន​ទស្សនា​នៅ​រៀងរាល់ថ្ងៃ​ ​សៅរ៍​ ​និង​ ​អាទិត្យ​ ​ចាប់​ពី​ថ្ងៃ​សៅរ៍​ទី​៥ ​ខែ​សីហា ​វេលាម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ ​​លើ​​ផេក​​​ ​TV NNP ​និង​ឆាណែល​ YouTube ​Try Dana​៕

Share.